ព័ត៌មានជាតិ

អាសូរ! លោកតាម្នាក់ ដើរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់មួយរំពេច

បាត់ដំបង: លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្ត បើកទៅបុកលោកតាចំណាស់ម្នាក់ដើរឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ និង៥ទៀបភ្លឺ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ឆាយ ស្រេង ភេទប្រុស អាយុ៨២ឆ្នាំ និងជនបង្ក ឈ្មោះ លីវ សាន ភេទប្រុស អាយុ៤២ឆ្នាំ បើកបររថយន្តម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 2A-0590 ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុជាមួយគ្នា។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានដើរឆ្លងកាត់ផ្លូវដោយគ្មានការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យរថយន្តជ្រុលចង្កូតបុកជនរងគ្រោះពេញមួយទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បាននាំយករថយន្តមករក្សាទុក នៅឯអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ចំណែកឯសាកសពបញ្ជូនមកក្រុមគ្រួសារ ដើម្បីយកទៅធ្វើតាមប្រពៃណី៕

មតិយោបល់