ភ្នំពេញៈ លោកវរសេនីយ៍ឯក ឈិន គីមធុយ អធិការខណ្ឌព្រែកព្នៅ បានប្រាប់ Post News ថា ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយបានបង្កហិង្សាយកកាំបិតបុ័ងតោកាប់បុរសជនជាតិវៀតណាមដូចគ្នា បណ្ដាលឲ្យរងរបួស កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច មាត់ព្រែក ផ្ទះគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បៀង យ៉ំាងឡឹក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរចិញ្ចឹមត្រី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ ចំណែកជនសង្ស័យមានឈ្មោះ ង្វៀង ទិង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសោ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះទៅពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ និងបានដកហូតវត្ថុតាងរួមមាន កាំបិតបុ័ងតោ ដងឈើចំនួន១ដើម និងមានស្លាកស្នាម របួសសើស្បែក សម្រាកព្យាបាលនៅផ្ទះ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់