ព័ត៌មានជាតិ

ករណីរថយន្តបុកម៉ូតូពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរងរបួសធ្ងន់

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១និង៤០នាទី ត្រង់ចំណុចផ្លូវជាតិលេខ៥៩ ស្ថិតក្នុងក្រុមទី១២ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្ត និងម៉ូតូធ្វើដំណើរច្រាស់ទិសគ្នា ដែលបណ្តាលអោយមនុស្ស០១នាក់ស្លាប់ និង០១នាក់ទៀតរងរបួសធ្ងន់ ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា មានរថយន្តមិនស្គាល់ម៉ាក់ (បើករត់គេចបាត់) បានធ្វើដំណើរក្នុងទិសខាងត្បូងទៅទិសខាងជើង មកដល់ចំណុចកើតឡើងខាងលើ បានបុកនឹងម៉ូតូ០១គ្រឿង ម៉ាកឌ្រីម សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1S-6016 បើកបរដោយឈ្មោះ ស៊ីប រដ្ឋា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិស្រឡៅជ្រំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង (រងរបួសធ្ងន់) និងអ្នករួមដំណើរចំនួន០១នាក់ទៀតឈ្មោះ ហុង ឆាណាត ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ) អ្នកទាំងពីរបើកបរដោយមិនពាក់មួកសុវត្តិភាព ។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីអ្នកបើកម៉ូតូឌ្រីម ដែលមានគ្នាពីនាក់ បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលកំពុងប្តូរទិសបត់ធ្វេងឆ្លងផ្លូវនោះ ក៏មានរថយន្តមិនស្គាល់ម៉ាក បានបុកពេញមួយទំហឹងតែម្ដង ។

បច្ចុប្បន្ន សាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំនែកមធ្យោបាយបង្កទាំងពីរគ្រឿង សមត្ថកិច្ចបានដកហូតយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដំណោះស្រាយតាមនីតិវិធី-ច្បាប់ ៕

មតិយោបល់