ព័ត៌មានជាតិ

កាមរីហើមបើកទៅបុកពីក្រោយ រថយន្តម៉ាកស្ទួច របស់ក្រុមហ៊ុន សូ ងួន ស្លាប់និងរបួសធ្ងន់៧នាក់!

ស្វាយរៀងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តកាមរី បានបុកពីក្រោយរថយន្តម៉ាកស្ទួច របស់ក្រុមហ៊ុន សូ ងួន បណ្តាលឲ្យមនុស្សចំនួន៣នាក់ស្លាប់ និង៤នាក់ទៀតរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង១០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចចន្លោះគីឡូម៉ែត្រ១៦១-១៦២ ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនរងគ្រោះដែលស្លាប់ ទី១ឈ្មោះ ថៃ សារ៉ាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្តកុងទឺន័រ ស្នាក់នៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (អ្នកបើកបររថយន្តកាមរី ស្លាប់នៅនឹងកន្លែង), ទី២ឈ្មោះ នៅ សុខា ភេទប្រុស អាយុ៣០ឆ្នាំ មុខបរមេការ ស្នាក់នៅភូមិស្នែ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង (ស្លាប់នៅនឹងកន្លែង), ទី៣ឈ្មោះ សេក ខុនឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមេការ រស់នៅភូមិ៧ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក (ស្លាប់នៅមន្ទីរស្វាយរៀង), ទី៤ឈ្មោះ ហូរ សុភក្រ័ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្តកុងទឺន័រ រស់នៅភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា(របួសធ្ងន់), ទី៥ឈ្មោះ កន បូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្តកុងទឺន័រ រស់នៅភូមិត្រពាំងស្វាយ ឃុំស្កាកោង ស្រុកបាភ្នំ ខេត្តព្រៃវែង (របួសធ្ងន់) និង២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ(របួសធ្ងន់)។

មុនពេលកើតហេតុ រថយន្តម៉ាក កាមរីហើម ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2A-7153 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយមនុស្ស៦នាក់ទៀតក្នុងរថយន្តទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏បានបុកពីក្រោយរថយន្តមួយគ្រឿងម៉ាកស្ទួចរបស់ក្រុមហ៊ុន សូ ងួន បើកបរដោយឈ្មោះ ខេន ប្រុស ភេទប្រុស អាយុ៣៨ ឆ្នាំ ស្នាក់នៅភូមិភ្នំប្រុស​ ឃុំភ្នំប្រុស ស្រុកជើងព្រៃ ខេត្តកំពង់ចាម ពេញទំហឹង បណ្តាលឲ្យស្លាប់និងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្វាយរៀងតែម្តង៕

មតិយោបល់