ក្នុងតំណោមតារាសម្ដែងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង គេកត់សម្គាល់ថាលោក លាង ឧត្តម ដែលជាតារាចាស់វស្សាម្នាក់ផង មិនសូវមានទម្លាប់លូកមាត់ ឬមានបញ្ហាជាមួយអ្នកសិល្បៈដូចគ្នានោះទេ ដោយលោករមែងប្រកាន់ជំហរចាត់ទុកអ្នកសិល្បៈក្រុមណាក៏ជាបងប្អូនដែរ បើទោះជាក្នុងសិល្បៈរាល់ថ្ងៃត្រូវគេឃើញលាបពណ៌គ្នាធ្វើឲ្យតម្លៃអ្នកសិល្បៈអាប់ឱនជាហូរហែរ។
អ៉ីចឹងហើយទើបការបង្ហោះពាក្យពេចន៍ប្រតិកម្មរបស់លោកកាលពីព្រឹកថ្ងៃទី១១ វិច្ឆិកា មុននេះ គឺពិតជាធ្វើតារាដែលស្ថិតក្នុងជំពូកដូចអ្វីដែលលោកបានបង្ហោះ ទំនងជាឈឺក្បាល ឬជាការដាស់សតិតារាសិល្បៈឲ្យចេះរួបរួមរក្សាតម្លៃគ្នាឡើងវិញ។
លោក លាង ឧត្តម សរសេរថា «សិល្បៈ«ពាក្យទាំងនេះលើកទី១សម្រាប់ខ្ញុំ» សឹងតែរាល់ថ្ងៃ ល្បីតែរឿងឈ្លោះគ្នា ជេរបញ្ចោរមាក់ងាយគ្នា អត់មានឮល្បីរឿងសម្ដែងល្អ ច្រៀងពិរោះ ការងារល្អអីគ្មានទេ នេះអ្ហីដែលហៅថាសិល្បៈរីកចម្រើន។ ចេះតែជាន់ពន្លិច ឈ្នានីស កេងប្រវ័ញ្ច មានខ្លះយកសិល្បៈធ្វើជាឈ្នាន់ ជាល្បែង ជាហ្គេម សុំបានទេឈប់បន្ត ជួយថែរក្សា ស្ថាបនាឡើងវិញ ឈប់បានឈប់ទៅ សូមអង្វរ»។
ការលើកឡើងរបស់លោកគឺបន្ទាប់ពីមានការផ្ទុះឡើងនូវចម្រូងចម្រាស់ច្រើនឡើងរវាងអ្នកសិល្បៈ និងសិល្បៈ ដោយគេឃើញមានការលាបពណ៌គ្នាថាតារាក្រុមនេះបែបនេះតារាក្រុមនោះបែបនោះ ដូចជាករណីម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ តាន់ គីមសួរ ដែលគេមិនដឹងថាជារបស់លោក តាន់ គីមសួរ ដែលជាអ្នកផលិតវីដេអូប្លែកៗ ឬរបស់អ្នកក្លែងក្លាយ បង្ហោះចោទថាលោកសាវិន ហ្វីលីព បានដើរបោកគេក្នុងគម្រោងសប្បុរសធម៌ ហើយត្រូវបានលោកសាវិន ហ្វីលីព ប្រតិកម្មមុននេះជាដើម។ ជម្លោះរវាងអ្នកសិល្បៈ និងអ្នកសិល្បៈ ត្រូវគេឃើញកើតឡើងមិនសូវលោះពេលនោះទេ ដោយគេកត់សម្គាល់ថាតារាសិល្បៈមួយក្រុម ដែលមានឆន្ទៈមិនស៊ីសង្វាក់នឹងក្រុមខ្លួនរមែងលាបពណ៌សាចទឹកដាក់គ្នាទៅវិញទៅមកដោយប្រើប្រព័ន្ធហ្វេសប៊ុកបង្ខូចឈ្មោះគ្នាទើបផង ទើបនាំទៅដល់ការមាក់ងាយពីសំណាក់មហាជន ដែលលើកឡើងថាតារាសិល្បៈរាល់ថ្ងៃឮតែឈ្លោះគ្នា និងបែកបាក់គ្នា មិនខុសពីអ្វីដែលលោកលាង ឧត្តម បានបង្ហោះ។
លោកបានបញ្ជាក់បន្ថែមនៅលើហ្វេសប៊ុកថា លោកកម្របានឮអ្នកគាំទ្រសិល្បៈផុសផុលនឹងការសរសើរថាតារានេះល្អបែបនេះតារានោះល្អបែបនោះណាស់ខ្លាំង តែបើឮគេនិយាយពីការមាក់ងាយតារាគឺពេញៗត្រចៀកតែម្ដង ដោយសារតែអ្នកសិល្បៈព្យាយាមលាបពណ៌គ្នា ហើយបង្កើតជាជម្លោះ ដែលអ្នកបង្កហេតុហាក់ដូចជាចង់ទាក់ទាញប្រជាប្រិយភាពពីរឿងរ៉ាវមិនល្អនោះទៅវិញ។
លោក លាង ឧត្តម បន្ថែមថា ដើម្បីកុំឲ្យមហាជនមាក់ងាយ តារាសិល្បៈមិនគួរឈ្លោះគ្នា ឬហែកហួរគ្នានោះទេ គឺគួរតែធ្វើជាគំរូដល់គ្រប់ស្រទាប់មហាជនដើម្បីជាតម្លៃរបស់អ្នកសិល្បៈទូទៅ។
លោក សុះ ម៉ាច បានលើកឡើងថាគឺជារឿងអាក្រក់មើល ដែលអ្នកសិល្បៈខ្វះការអធ្យាស្រ័យគ្នា ហើយចេះតែបណ្ដាលឲ្យមានរឿងរ៉ាវបែបនេះបែបនោះកើតឡើង។ លោកថាតារាៗឈ្លោះ ហើយប្រើបណ្ដាញហ្វេសប៊ុកហែកហួរគ្នា គឺមិនខុសពីធ្វើអោយសង្គមសិល្បៈកាន់តែធ្លាក់អាប់ឱនពីមួយថ្ងៃទៅមួយថ្ងៃនោះទេ ជាពិសេសចំពោះតារាដែលផ្ដើមឲ្យមានជម្លោះកើតឡើង ដោយសារតែការបង្ហោះ ឬការបញ្ចេញទស្សនៈណាមួយ ដោយមិនគិតថាខ្លួនសំណេររបស់ខ្លួនគឺជាសំណេររបស់មនុស្សមហាជន ដែលមានអ្នកចាំមើលច្រើន ខុសពីសំណេររបស់មនុស្សធម្មតានោះ។ លោកចាត់ទុកថាសំណេររបស់លោកលាង ឧត្តម ជាដាស់តឿនដល់តារាសិល្បៈ តែលោកក៏មិនហ៊ានរំពឹងថាស្ថានភាពអាក្រក់របស់តារាសិល្បៈនឹងមានភាពស្ងប់ស្ងាត់នោះដែរ បើអស់ពីមួយចូលមួយបែបនេះ៕
មតិយោបល់