(ព្រះវិហារ)៖ កាលពីថ្ងៃទី០៨ មេសា ២០១៦ នៅទីបញ្ជាការដ្ឋានអង្គរក្ស ទិសប្រាសាទព្រះវិហារ ស្ថិតនៅចំណុច៩៥ ឃុំស្រអែម ស្រុកជាំក្សាន្ត បានជួបជុំគ្នាប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ដល់នាយទាហាននាយទាហានរង និងពលទាហាន ដែលជាវរយុទ្ធជន បានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។
ពិធីនេះ មានរៀបចំសែនព្រេន នូវរណ្តាប់នំចំណី ផ្លែឈើ ភេសជ្ជៈ និងបាននិមន្តព្រះសង្ឃច្រើនអង្គ ធ្វើពិធីសូត្រមន្ត បង្សុកូល ថែមទៀត ស្របពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ជិតឈានចូលមកដល់។
ក្នុងពិធីនេះ មានថ្នាក់ដឹកនាំបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូប ព្រមទាំងយុទ្ធជន បានដាក់កម្រងផ្កា និងអុជធូប ឧទ្ទិសដល់ដួងព្រលឹង វរយុទ្ធជន ដែលបានពលីជីវិត ក្នុងសមរភូមិមុខ សូមឱ្យវិញ្ញាណក្ខន្ធរបស់អ្នក ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតទ្បើយ។
សូមដួងព្រលឹងវរយុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ តាមជួយថែរក្សានាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលកំពុងមានកាតព្វកិច្ច ការពារបូរណភាពទឹកដី នៅតំបន់ប្រាសាទព្រះវិហារ ទទួលបាននូវសេចក្តីសុខសប្បាយ ជារៀងរហូត៕
មតិយោបល់