កំពង់ស្ពឺៈ លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីរថយន្តឡិចស៊ីស៤៧០ បានបើកបុករថយន្តFUSO រួចក៏ខ្ទាតទៅបុករថយន្តម៉ាកSTERLENG បណ្តាលឲ្យភាគីខាងរថយន្តឡិចស៊ីសរបួស។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៨១ និង៨២ ស្ថិតក្នុងភូមិទី១ចំការគរ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាម្ចាស់រថយន្តឡិចស៊ីសឈ្មោះ ភឿន សុផានិត ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះ២១AB ផ្លូវលេខ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2Q-5503 ។ ចំណែកអ្នកបើកបររថយន្តម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខព្រះសីហនុ 3A-1945 មិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ។
ប្រភពពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីសបើកបរស្របទិសគ្នា លុះដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករថយន្តFUSO ហើយខ្ទាតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកSTERLING ពណ៌ក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 3D-8483 ធ្វើដំណើរមកពីទិសខាងកើត ហើយអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ បណ្តាលឲ្យភាគីរថយន្តឡិចស៊ីសរបួស។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានកំពុងកសាងសុំណុំរឿង ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកឯភាគីខាងរថយន្តFUSO និងSTERLING បានរត់គេចខ្លួនបាត់ស្រមោល៕
មតិយោបល់