ព័ត៌មានជាតិ

កុងតឺន័របើកផ្លូវវាង ស្រាប់តែរថយន្តឡិចស៊ីសវ៉ាជែងបណ្តាលឲ្យប៉ះគ្នា បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅផ្លូវ២០០៤

ភ្នំពេញៈ បុរសម្នាក់បើករថយន្តកុងតឺន័រ រួមដំណើរជាមួយនឹងបុរសម្នាក់ទៀតបើកវាងទៅផ្លូវម្ខាងទៀតដោយសារតែផ្លូវស្របទិសដៅចរាចរណ៍មានកាដ្ឋានកំពុងសាងសង់ ស្រាប់តែមានរថយន្តឡិចស៊ីសមកពីក្រោយវ៉ាជែងជាមួយកុងតឺន័រ ក៏បានកៀរគ្នាធ្វើឲ្យរថយន្តឡិចស៊ីសរងកាខូចខាតផ្នែកខាងឆ្វេងនៃរថយន្ត។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ផ្លូវដែលស្របទិសដៅចរាចរណ៍នោះគេបិទឲ្យវាងទៅផ្លូវម្ខាងទៀតហើយមានរថយន្តកុងតឺន័រ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញធុនធំ ពាក់ស្លាកលេខ ភ្នំពេញ3A-2711 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរសម្នាក់ទៀត ក៏បើកវាងទៅផ្លូវការដ្ឋានគេឲ្យវាង ស្រាប់តែមានរថយន្តឡិចស៊ីសRX-300មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-9090 បើកបរដោយបុរសម្នាក់ ចង់វ៉ាជែងជាមួយរថយន្តកុងតឺន័រមិនផុតជ្រុលចង្កូតទៅបុកកង់រថយន្តកុងតឺន័រពីក្រោយ ហើយរថយន្តកុងតឺន័រក៏ចាប់ហ្វ្រាំងឈប់ធ្វើឲ្យរថយន្តឡិចស៊ីសរងការខូចខាតផ្នែកខាងឆ្វេងនៃរថយន្តតែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុឲ្យដោះស្រាយគ្នាមួយសន្ទុះធំខាងភាគីរថយន្តឡិចស៊ីសឲ្យចេញថ្លៃខូចខាតនៃរថយន្តតែខាងភាគីម្ខាងទៀតមិនព្រម ហើយសមត្ថកិច្ចក៏ទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោកខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីនៃច្បាប់៕


មតិយោបល់