ព័ត៌មានជាតិ

ឃុំខ្លួនបុរស៣នាក់ ដោយសារលក់ដីខ្យល់ ជិត៤០ម៉ីនដុល្លារ

កណ្តាល: តាមសេចក្តីរាយការណ៍ឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យនេះថាបុរស៣នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ធ្វើការឃុំខ្លួនកាលពីល្ងាចថ្ងៃសុក្រសប្តាហ៏មុន បន្ទាប់ពីជនសង្ស័យទាំង៣នាក់នោះ ឆបោកប្រាក់អ្នកដទៃអស់ជិត៤០ម៉ឺនដុល្លារក្នុងការទិញលក់ដី។

បុរសទាំងបីនាក់មានឈ្មោះ ១. ធន់ វណ្ណៈ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល ទី២.ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅនៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល និងទី៣.ឈ្មោះ មុំ សាមឿន អាយុ៦៤ឆ្នាំ មានទីលំនៅក្នុងភូមិផ្ទះលេខ ៣៥៧ផ្លូវលំ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមពាក្យបណ្តឹងភាគីដើមចោទបានឲ្យដឹងថា កាលពីខែវិច្ឆិកាឆ្នាំមុន បុរសជាជនសង្ស័យ ទាំងបីនាក់ខាងលើ បានចុះកិច្ចសន្យាលក់ដីទំហុំ១៣ហិកតា ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួក ស្រុកអង្គស្នួលខេត្តកណ្តាល ដោយធានាអះអាងថាជាដីស្របច្បាប់ ហើយបានចុះហត្ថលេខា ទទួលប្រាក់កក់ចំនួន៣៩៧,០០០ដុល្លារ សម្រាប់រត់ការ ទុកជាមុន។

ក្រោយពីទទួលបានប្រាក់កក់ហើយ ម្ចាស់បណ្តឹងក៏បានដឹកដីទៅចាក់ស្រាប់តែមានការតវ៉ាពីពលរដ្ឋ ថាដីនោះពួកគេមិនបានលក់ទៅវិញ។ ដូច្នេះម្ចាស់បណ្តឹងក៏បានហៅអ្នកទាំងបីឲ្យសងប្រាក់ ប៉ុន្តែរង់ចាំមួយថ្ងៃទៅមួយថ្ងៃមិនឃើញសង ក៏ប្តឹងមកតុលាការធ្វើការឃាត់ខ្លួន តាមនីតិវិធីច្បាប់តែម្តង។

បុរសជាម្ចាស់បណ្តឹងខាងលើ បានទាមទារស្នើសុំឲ្យតុលាការ ដាក់ទោសទណ្ឌជនឆបោកទាំងបីទៅតាមផ្លូវច្បាប់ ទាមទារប្រាក់កក់ចំនួន៣៩៧,០០០ដុល្លារត្រឡប់មកវិញ ព្រមទាំងទាមទារសំណង ជំងឺចិត្តខាតបង់ ពេលវេលា ចំនួន ៥ម៉ឺន ដុល្លារផ្សេងទៀត។

គួរបញ្ជាក់ដែរថា ជនសង្ស័យទាំង៣នាក់ត្រូវបាន លោកសំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង ចោទប្រកាន់ពីបទឆបោក យោងតាមបទបញ្ញាតិមាត្រា៣៧៧និង៣៧៨ នៃក្រមព្រហ្មទណ្ឌ នឹងអាចប្រ ឈមទោសទណ្ឌពី៦ខែទៅ៣ឆ្នាំ ហើយត្រូវលោក ផូង វណ្ណ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល៕

 

photo_2016-08-07_10-47-35

photo_2016-08-07_10-47-49

photo_2016-08-07_10-48-13

មតិយោបល់