ព័ត៌មានជាតិ

បុរស​ជនជាតិ​ចិនម្នាក់ ចែកចាយ​គ្រឿង​សម្អាង​ក្លែងក្លាយ​ជាច្រើន​តោន ត្រូវតុលាការខេត្តកណ្តាលផ្តន្ទាទោស ដាក់ពន្ធនាគារ១ឆ្នាំ ​​

កណ្ដាលៈ ករណី​ចែកចាយ​គ្រឿង​សម្អាង​ក្លែងក្លាយជា​ច្រើន​តោន​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​នេះ​ លោក​ហុក​ វ៉ាន់​ធីណា​ ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ និង​ជា​ចៅក្រម​ជំនុំជម្រះ​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​បុរស​ជនជាតិ​ចិន​ម្នាក់ ​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ​ ។

ប្រភព​ព័ត៌មាន​ពីសមត្ថកិច្ច បានបញ្ជាក់​ថា​ ជនជាប់ចោទ​ឈ្មោះ​ ម៉ៅ លីជុន ភេទប្រុស (MAU LI JUN) ត្រូវ​បាន​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ក្នុង​មណ្ឌលអប់រំកែប្រែខេត្តកណ្តាល តាម​ដីកាលេខ ៩៧៦ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ក្រោមការ​ចោទប្រកាន់​ពីបទ​ក្លែងបន្លំម៉ាក និងនាំចូល ដោយចេតនា នូវទំនិញដែល​មានម៉ាកក្លែងក្លាយ ប្រព្រឹត្ត​នៅ​ពីរ​ទីតាំងផ្សេងគ្នា​ ស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណា​ញ់ ក្រុងតាខ្មៅ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ តាមមាត្រា៦៤និងមាត្រា​៦៦ ស្តីពីម៉ាកពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់។

តាមរបាយការណ៍​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បានបង្ហាញ​ថា​ ជនល្មើសបានព្យាយាមប្រើប្រាស់មធ្យោបាយ សម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដោយ​សន្យាផ្តល់លាភសក្ការជាច្រើនដល់ភ្នាក់ងារសមត្ថកិច្ច ដើម្បី​បន្ធូរ​បន្ថយទោស ក៏ប៉ុន្តែគណៈកម្មាធិការ និងសមត្ថកិច្ចចម្រុះបានបដិសេធ និងចាត់វិធានការបន្តតាមនីតិវិធីច្បាប់យ៉ាង​ម៉ឺង​ម៉ាត់ ៕

មតិយោបល់