ភ្នំពេញៈ កម្មករកម្មការិនីរោងចក្រកាត់ដេរយីហោ H-EVERGREEN CAMBODIA KNITTING CO.,LTD សរុបចំនួនជាង ៣០០នាក់បានផ្ទុះការតវ៉ាអត់ចូលធ្វើការ ដោយអ្នកខ្លះនៅផ្ទះនិងមួយចំនួនទៀតបានប្រមូលផ្ដុំគ្នាធ្វើការតវ៉ា នៅចំណុចមុខរោងចក្រ ដើម្បីទាមទារឲ្យថៅកែដោះស្រាយនៅលក្ខខណ្ឌការងារចំនួន១៨ចំណុចជូនពួកគេ ហើយក្នុងការធ្វើកូដកម្មនោះនៅមិនទាន់មាន ដំណោះស្រាយណាមួយនៅឡើយទេ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរោងចក្រកាត់ដេរ H-EVERGREEN CAMBODIA KNITTING CO.,LTD ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកម្មករបានឲ្យដឹងថា រោងចក្រកាត់ដេរមួយនេះមានកម្មករកម្មការិនីបម្រើការងារចំនួន ជាង៣០០នាក់ ហើយភាគច្រើនគឺជាកម្មការិនី ដែលម្នាក់ៗបានធ្វើការនៅទីនោះច្រើនឆ្នាំមកហើយ ប៉ុន្តែគ្មានសិទ្ធិសេរីភាពនោះទេពួកគេបានទទួលរងនូវការគាបសង្កត់គ្រប់ បែបយ៉ាងពីសំណាក់ថៅកែរោងចក្រ ដែលបានបង្ខំឲ្យធ្វើការថែមម៉ោងដោយគ្មានគោលការស្ម័គ្រចិត្តឡើយ។ មិនតែប៉ុណ្ណោះបង្ខំឲ្យ កម្មករធ្វើការនៅរៀងរាល់ថ្ងៃបុណ្យជាតិផ្សេងៗ មិនដែលឲ្យឈប់សម្រាកដូចជានៅរោងចក្រកាត់ដេរផ្សេងៗទៀតនោះទេ ហើយរៀង រាល់ថ្ងៃអាទិត្យក៏មិនដែលបានឈប់សម្រាកដែរ ជាងនេះទៀតបានបង្ខំឲ្យកម្មករធ្វើការថែមម៉ោងចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង ៩យប់ទៀតផង បើនរណាហ៊ានតវ៉ានិងត្រូវបញ្ឈប់ពីការងារតែម្ដង។
ប្រភពដដែលបានបន្តទៀតថា ក្រៅពីនេះរោងចក្រមួយនេះគ្មានកន្លែងសម្រាប់កម្មករហូបបាយ ឬកន្លែងទុកម៉ូតូឲ្យបានត្រឹមត្រូវ នោះទេ គ្មានក្រុមគ្រូពេទ្យ ប្រចាំការសម្រាប់ព្យាបាលពេលដែលកម្មករមានគ្រោះថ្នាក់ ឬមានជម្ងឺជាយថាហេតុដែលត្រូវសង្គ្រោះ បឋម និងគ្មានការទទួលខុសត្រូវក្នុងពេលដែលកម្មករ ជួបគ្រោះថ្នាក់ការងារឡើយ មិនតែប៉ុណ្ណោះបន្ទប់ទឹកកខ្វក់គ្មានអនាម័យទេ។ ម្យ៉ាងទៀតមិនដែលគិតលុយឲ្យកម្មករដែលធ្វើការនៅថ្ងៃបុណ្យនិងថ្ងៃអាទិត្យនោះឡើយ ដោយសារតែគ្មានការគិតគូ និងកេងប្រវ័ញ្ជ នូវកម្លាំងពលកម្មរបស់កម្មករគ្រប់បែបយ៉ាងបែបនេះហើយ ទើបពួកគេបានសម្រេចចិត្តប្រមូលផ្ដុំគ្នាធ្វើការតវ៉ា ដើម្បីទាមទារឲ្យថៅ កែដោះស្រាយនូវលក្ខខណ្ឌការងារជូនពួកគរទាំងអស់គ្នា ហើយបើគ្មានការដោះស្រាយទេពួកគេនិងមិនព្រមបញ្ឈប់កូដកម្មនេះឡើយ៕
មតិយោបល់