ព័ត៌មានជាតិ

ធ្លាប់ជាប់គុក៥ឆ្នាំ ចេញមកវិញវាយបំផ្លាញទ្រព្យសម្បត្តិ ជាប់ខ្នោះសមត្ថកិច្ចម្តងទៀត!

កណ្តាលៈ បុរសម្នាក់ជាមនុស្សញៀនស្រា និងញៀនថ្នាំ ហើយធ្លាប់ពន្ធនាគាររយៈពេល៥ឆ្នាំមកហើយ ពេលចេញមកវិញក៏បានវាយបំផ្លាញទ្រព្យសម្បត្តិបងប្អូនខ្ទេចគ្មានសល់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០១៧ នៅចំណុចភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

បើតាមនគរបាលស្រុកកោះធំបានអោយដឹងថា ជនរងគ្រោះឈ្មោះ ទុំ ស្រ៊ីវ ភេទប្រុស អាយុ៥៩ឆ្នាំ(ជាឪពុក) មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ ស្រ៊ីវ ចាន់ស៊ីភេទប្រុស អាយុ២៧ឆ្នាំ (កូន) មានមុខរបរកសិករ នៅភូមិឃុំជាមួយគ្នា។

សម្ភារៈវត្ថុតាង កៅអីជ័រចំនួន២,បែកបាក់ទូចានចំនួន១,ចានឆ្នាំងបែកបាក់ខ្ទេចជាច្រើន។ កាច់បំផ្លាញទុយោទឹកប្រើប្រាស់និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

នគរបាលបានបញ្ជាក់ថា តាមការបំភ្លឺរបស់ជនរងគ្រោះ ជាឪពុក បានរៀបរាប់ថា ជនសង្ស័យជាកូន មកពីផឹស្រាស្រវឹង និងជាមនុស្សញៀនថ្នាំ បានមកដល់ផ្ទះរករឿងបង្កជម្លោះជាមួយបងប្អូន ហើយវាយបំផ្លាញទ្រព្យសម្បិត្តក្នុងផ្ទះដូចជា កៅអី ចានឆ្នាំង និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនទៀត និងធ្លាប់ជាប់ពន្ធនាគារ ចំនួន៥ឆ្នាំ ពីបទមនុស្សឃាត រួចក៏ត្រូវបានតុលាការដោះលែង ។ នៅពេលចេញមកវិញពុំបានកែរប្រែខ្លួនឡើយ តែងតែដើរផឹកស៊ីសេពថ្នាំញៀន បង្កជម្លោះជាមួយអ្នកជិតខាង និងបងប្អូន ហើយតែងតែវាយបំផ្លាញរបស់របរក្នុងផ្ទះជាញឹកញាប់ មិនព្រមស្ដាប់ការទូន្មានរបស់ឪពុកម្ដាយ បងប្អូនឡើយ។

ដូចនេះជនរងគ្រោះជាឪពុកសំណូមពរអោយសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់