ព័ត៌មានអន្តរជាតិ

លោក ត្រាំ ដូរភាសានិយាយ មិនស៊កសៀតឲ្យមេដឹកនាំកូរ៉េខាងជើង ថាជាមនុស្សទាប និងធាត់ដូចមុន

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរភាសានិយាយរបស់ខ្លួនជាថ្មី ទៅកាន់មេដឹកនាំកូរ៉េខាងជើង ក្នុងរយៈពេលដ៏ខ្លី មុនពេលដែលលោកត្រូវបានផ្តល់ឱកាស ដើម្បីធ្វើជាអ្នកសម្របសម្រួល ក្នុងរឿងដែលកំពុងមានជម្លោះដ៏ក្តៅគគុក នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន BBC ​ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងនៅលើប្រព័ន្ធសង្គម Twitter លោក ត្រាំ បានបញ្ជាក់ថា លោកនឹងមិនហៅមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថាជាមនុស្សទាប និងធាត់ដូចមុននោះទេ ដែលវាជាផ្នែកមួយ ត្រូវបានគេកត់សម្គាល់ជាបន្តបន្ទាប់ នៅលើប្រព័ន្ធផ្សព្វផ្សាយ មុនពេលលោក បានស្ម័គ្រចិត្តចូលខ្លួន ធ្វើអ្នកសម្របសម្រួល ក្នុងរឿងទាមទារនៅដែនសមុទ្រចិនខាងត្បូង។

សូមជំរាបថា ចិន វៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី និងប្រ៊ុយណេ សុទ្ធតែជាប្រទេសកំពុងមានជម្លោះ ក្នុងរឿងទាមទារដែនទឹក នៅសមុទ្រចិនខាងត្បូងផងដែរ។

ដោយក្នុងចំណោមប្រទេសទាំងនោះ គឺមានប្រទេសវៀតណាម និងហ្វីលីពីន ដែលកំពុងមានជម្លោះដ៏តានតឹង ជាមួយចិនក្នុងកម្រិតខ្ពស់បំផុត បន្ទាប់ពីមានការកសាងតំបន់យោធា និងល្បាតកងទ័ពជើងទឹក នៅដែនទឹកជម្លោះ៕

មតិយោបល់