ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​រស្មី​បូព៌ា​ បុក​ម៉ូតូ១គ្រឿង ​បណ្តាល​ឲ្យ​​បុរសវ័យចំណាស់​ម្នាក់ស្លាប់​

​កំពង់ឆ្នាំង:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន​ រស្មី​បូព៌ា​បុក​ជាមួយ​ម៉ូតូ​ ។​

​ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​សុក្រ​ ៦​កើត​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៥​និង​៤៥​នាទី​ លើ​កំណាត់​ផ្លូវជាតិ​លេខ​០៥​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៤-៤៥​ ស្ថិត​ក្នុងភូមិ​ចម្ការ​ស្វាយ​ ឃុំ​សេដ្ឋី​ ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្តកំពង់ឆ្នាំង​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ម៉ាក​ KIA​ ពណ៌​ទឹកមាស​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 3D-7541​ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​ និង​អត្តសញ្ញាណ​ (​ជា​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ រស្មី​បូព៌ា​)​ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​បុក​ម៉ូតូ​១​គឿ​ង​ម៉ាក​ HONDA​ C100​ ពណ៌​ក្រហម​ ពាក់ផ្លាក​លេខ​ ក​4149-​ប​ ផ​1​ បើកបរ​ដោយ​ឈ្មោះ​ សុខ​ យ៉ា​ន​ ភេទ​ប្រុស​ អាយុ​៦៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្តុក​ ឃុំ​ភ្នំ​បាត​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ក្នុង​ដំណើរ​ច្រាសទិស​គ្នា​ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។​

​បន្ទាប់​ពី​កើតហេតុ​ កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​ និង​ នាំ​យក​មធ្យោបាយ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​សេដ្ឋី​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ ។ ចំណែកសាកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់