ព័ត៌មានជាតិ

សំណុំរឿងឃាតកម្មលើលោក អ៊ឹង ម៉េងជឺ តុលាការ ប្រកាសសាលក្រម ចាត់របៀប

ភ្នំពេញៈ ក្រោយពីបានពន្យាពេលប្រកាសសាលក្រម ជាងកន្លះឆ្នាំ រួចមក នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រម សម្រេចចាត់របៀប លើសំណុំរឿង ឃាតកម្ម លើលោក អ៊ឹង ម៉េងជឺ។

ការប្រកាសសាលក្រមចាត់របៀបនេះ ដោយតុលាការ យល់ឃើញថា សំណុំរឿង តម្រូវឱ្យមានការស៊ើបអង្កេតបន្ថែមទៀត ដើម្បីរកឱ្យឃើញពីពិរុទ្ធរបស់ជនជាប់ចោទឱ្យបានច្បាស់លាស់ មុនពេលតុលាការសម្រេចប្រកាសផ្តន្ទាទោស ជនជាប់ចោទ។

គួរកត់សម្គាល់ថា សវនាការលើសំណុំរឿង ឃាតកម្មមួយនេះត្រូវបានតុលាការធ្វើឡើងជាង ៣០ដងដោយគ្មានវត្តមានជនជាប់ចោទ ថោង សារ៉ាត់ សូម្បីតែមួយលើក ដោយតុលាការបានត្រឹមតែសាកសួរជនជាប់ចោទ ជាអង្គរក្សលោក ថោង សារ៉ាត់ និងសាក្សី រួមទាំងចាក់បញ្ចាំងខ្សែវីដេអូពាក់ព័ន្ធសំណុំមើលតែប៉ុណ្ណោះ។

លោក ថោង សារ៉ាត់ ដែលតុលាការចោទថា ជាមេក្លោងធំ និងបានបញ្ជាឱ្យអង្គរក្សទៅបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ នោះមិនដែលបានមកចូលរួមក្នុងសវនាការនោះទេ ពោលគឺបានត្រឹមតែបញ្ជូនលិខិតតាមរយៈមេធាវីការពារសិទ្ធិស្នើសុំមិនចូលរួមក្រោមសវនាការ ក្រោមហេតុផលថា មានជំងឺធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា ជនជាប់ចោទដែលត្រូវបានលោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការចោទប្រកាន់នៅសំណុំរឿង នេះរួមមាន៖
-ទី១ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន ៩៩៩ ជាប់ចោទពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន (អវត្តមាន) តាមមាត្រា ២៨ និងមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ។
-ទី២ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ ៤៤ឆ្នាំ និងទី៣ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ ៤២ឆ្នាំ (ស្លាប់) ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន (រលត់បណ្ដឹងអាជ្ញា តាមមាត្រា ៧ ចំណុច ទី១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
-ទី៤ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ ២៩ឆ្នាំ ទី៥ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ និងទី៦ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា ២៩ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

ចំណែកជនរងគ្រោះមានឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់តិ៍ពេជ្រ ត្រូវឃាតករបាញ់សម្លាប់ កាលម៉ោងប្រាមាណជាជាង៧ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនៅមុខហាងលក់ផ្លែឈើយីហោ ឡោតិចសេង ក្នុងខណ្ឌចំការមន៕

មតិយោបល់