ព័ត៌មានជាតិ

កូរ៉េ ស្រវឹងធ្លាក់ភ្នែកបើកឡានទៅពាំងខាងមុខរថយន្តកុងតឺន័រដឹកស៉ីម៉ងត៍របស់ក្រុមហ៊ុនខេស៉ីម៉ែន ត្រូវស្ទាវគប់បែកកញ្ចក់រថយន្ត!

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានបុរសជនជាតិកូរ៉េម្នាក់ ស្រវឹងធ្លាក់ភ្នែក បើកបររថយន្តរបស់ខ្លួនទៅពាំងខាងមុខផ្លូវរថយន្តកុងតឺន័រ ស្របពេលនោះក៏មានក្មេងស្ទាវមួយក្រុមជិះម៉ូតូមកពីក្រោយ រួចយកដំថ្មវាយបំបែកកញ្ចក់រថយន្តរបស់ជនជាតិកូរ៉េខាងលើ បែកខាងមុខនិងខាងក្រោយ ផ្អើលដល់សមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៣០ម៉ែត្រ កែងនឹងផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់បើកបររថយន្តកុងតឺន័រ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ជារថយន្តដឹកស៉ីម៉ងត៍របស់ក្រុមហ៊ុនខេស៉ីម៉ែន ពាក់ស្លាកលេខ ភ្នំពេញ 3D-1023 ទើបតែដឹកស៉ីម៉ងត៍ចេញមកពីខេត្តកំពតបំណងបើកទៅដាក់នៅខេត្តកំពង់ចាម ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយសាន់តា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AH-4832 បើកបរដោយបុរសជនជាតិកូរ៉េវ័យចំណាស់ម្នាក់ស្រវឹងជោកជាំ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បានរេចង្កូតទៅខាងឆ្វេងទៅពាំងពីមុខរថយន្តកុងតឺន័រខាងលើ។ ខណៈពេលនេះស្រាប់មានក្មេងស្ទាវមួយក្រុមមានគ្នា៥ទៅ៦នាក់បានជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកមកពីក្រោយ ហើយបានយកដុំថ្មវាយបំបែកកញ្ចក់រថយន្តរបស់ជនជាតិកូរ៉េខាងលើបណ្តាលឲ្យបែកទាំងមុខនិងក្រោយ រួចជិះរត់គេចខ្លួនបាត់ស្រមោលទាំងមិនដឹងថាមានរឿងអ្វីជាមួយបុរសជាជនជាតិកូរ៉េនោះទេ។

ពេលនោះរថយន្តកុងតឺន័រខាងលើបានរយ៉ែថយក្រោយដើម្បីបន្តដំណើរទៅមុខទៀតតែបុរសជនជាតិកូរ៉េខាងលើព្យាយាមបើករថយន្តរបស់ខ្លួនទៅតាមពាំងពីមុខរថយន្តសណ្តោងខាងលើមិនឲ្យបន្តដំណើរទៅមុខទៀតនោះទេ ទើបបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្នានចុះមកអន្តរាគមន៍ អស់រយៈពេលជាងមួយម៉ោងទើបបុរសជាជនជាតិកូរ៉េព្រមចុះពីលើរថយន្ត ហើយបានចោទថាតៃកុងរថយន្តកុងតឺន័រវាយបំបែកកញ្ចក់រថយន្តរបស់ខ្លួន និងបានប្រាប់ថា មានគេលួចទូរសព្ទរបស់ខ្លួនអស់ចំនួន២គ្រឿងថែមទៀតផង៕

មតិយោបល់