ភ្នំពេញៈ បុរសម្នាក់បើករថយន្តសាំយ៉ុងមួយគ្រឿងក្នុងល្បឿនលឿនទៅបុកគូថរថយន្តឡិចស៊ីស៥៧០ ស៊េរីទំនើបមួយគ្រឿង បណ្តាលឲ្យភាគីរថយន្តឡិចស៊ីស ខ្ទេចផ្នែកខាងក្រោយ ចំណែករថយន្តសាំយ៉ុងខ្ទេចផ្នែកខាងមុខរថយន្តយ៉ាងដំណំ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ៥៧០ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-6688 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនិងបុរសម្នាក់ទៀត ស៊ីញ៉ូបត់ត្រឡប់ក្រោយ បត់បានតែបន្តិចស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-8266 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុបានបុកពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្ត៥៧០ខ្ទាតហើយរថយន្តសាំយ៉ុងព្យាយាមបើករត់តែបន្តទៅមុខមិនរួចទើបតៃកុងរថយន្តសាំយ៉ុងបានចុះរត់គេចខ្លួនបាត់ស្រមោលឈឹង ។ ចំណែករថយន្តឡិចស៊ីសរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ រីឯថយន្តសាំយ៉ុងខ្ទេចផ្នែកខាងមុខស្ទើតែទាំងស្រុងតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លូនមកដោះស្រាយតាមនិតិវិធីនៃច្បាប់ ៕
មតិយោបល់