ភ្នំពេញ: សហព័ន្ធស្រូវអង្ករកម្ពុជា ហៅកាត់ ស.អ.ក ដោយមានការអនុញ្ញាត និង ការសហការយ៉ាងជិតស្និទ្ធប្រកបដោយការយកចិត្តទុកដាក់ពីក្រសួងពាណិជ្ជកម្ម បានរៀបចំព្រឹត្តិការណ៍ធំៗចំនួនពីរក្នុងថ្ងៃតែមួយ គឺ «កម្មវិធីបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី២» និង «កម្មវិធីមហាសន្និបាតបូកសរុបការងារអាណត្តិទី១» ដែលប្រព្រឹត្តទៅនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញ។
កម្មវិធីនៃមហាសន្និបាតព្រឹកនេះ មានបំណងពិនិត្យ នឹងវាយតម្លៃឡើងវិញ នូវការងារពេញមួយអាណត្តិទី១ ដើម្បីកំណត់នូវផែនការ និងការសម្រេចចិត្តដ៏មានប្រសិទ្ធភាព សម្រាប់ឧស្សាហកម្មស្រូវអង្ករកម្ពុជា ដើម្បីបង្កើនល្បឿនរីកចម្រើនប្រកបដោយនិរន្តរភាព រីឯការបោះឆ្នោត ផ្តោតសំខាន់នូវការធានានៃការជ្រើសរើសថ្នាក់ដឹកនាំសហព័ន្ធសម្រាប់អាណត្តិទីពីរ ដើម្បីញាំងឲ្យសហព័ន្ធស្រូវអង្ករកម្ពុជា រួបរួមគ្នាកាន់តែរឹងមាំ មានតម្លាភាព ការទទួលខុសត្រូវ និង គួរឲ្យជឿជាក់។
កម្មវិធីនេះផងដែរ ប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធ ស.អ.ក និងលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៕
មតិយោបល់