តាកែវៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបាទី ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ជាប់ចោទពីបទហិង្សាដោយចេតនា ទៅលើជនរងគ្រោះ៣នាក់ កាលពីពេលថ្មីៗនេះ។
អធិការនគរបាលស្រុកបាទី លោក ង៉ាន់ សារី បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ផា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បានធ្វើសកម្មភាពយកដាវដេញកាប់ទៅលើជនរងគ្រោះ៣នាក់ បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង២១យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ខណៈដែលជនរងគ្រោះទាំង៣នាក់ មកដើរលេងមើលការប្រគុំតន្ត្រីក្នុងភូមិ។
លោក បានបន្តទៀតថា ជនរងគ្រោះទាំង៣នាក់មានឈ្មោះ ទី១ សុខ ចាវ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទី ទី២ ឈ្មោះ អ៊ូ ប៊ុណ្ណារ៉េត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី និងទី៣ ឈ្មោះ ដោក មករា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយនិងជនសង្ស័យខាងលើ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បាននិយាយថា រូបគេពិតជាបានកាប់ទៅលើជនរងគ្រោះទាំង៣នាក់ប្រាកដមែន ព្រោះតែរូបគេខឹងនិងជនរងគ្រោះទាំង៣នាក់ ធ្លាប់ព័ទ្ធស្ទាក់ម៉ូតូ និងវាយមកលើរូបគេមុនកាលពីពេលកន្លងមក លុះមកដល់ថ្ងៃកើតហេតុខាងលើ គ្រាន់តែឃើញជនរងគ្រោះទាំង៣នាក់ មកមើលការប្រគុំតន្ត្រីក្នុងទឹកដីរបស់ខ្លួនភ្លាម គេក៏យកដាវមកដេញកាប់តែម្ដង។
បច្ចុប្បន្ន ជនសង្ស័យក្នុងករណីអំពើហិង្សាដោយចេតនា ខាងលើត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តឡើងតុលាការតាមនីតិវិធី៕
មតិយោបល់