ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរម៉ាកាឡូត៥ ក្នុងសួនឧស្សាហកម្មវឌ្ឍនៈ

ភ្នំពេញៈ ផ្អើលទាំងព្រឹក រោងចក្រកាត់ដេរសម្លៀកបំពាក់ ម៉ាកាឡូត៥ ដែលមានទីតាំងស្ថិតនៅក្នុងសួនវឌ្ឍនៈ តាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះ សង្ស័យផ្តើមចេញទុស្សេចរន្តអគ្គីសនី កាលពីវេលាម៉ោង៤និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ។

រោងចក្រកាត់ដេរខាងលើទំហំប្រមាណ៤០ម៉ែត្រគុណ១០០ម៉ែត្រ ចំនួន២អាគារជាប់គ្នា មានកម្មករបម្រើការងារជាង១០០០នាក់ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់។

មុនកើតហេតុ គេឮសម្លេងផ្ទុះ ហើយមានហុយផ្សែងក្មួរខ្មាញ់ ចេញជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលពលរដ្ឋក្បែរខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ក្នុងនោះមានរថយន្តមកពីអង្គភាព៧១១ កងពលតូចលេខ៧០ចំនួន៦គ្រឿង រថយន្តរបស់សាលាខណ្ឌពោធិសែនជ័យចំនួន២គ្រឿង អាវុធហត្ថចំនួន២គ្រឿង រថយន្តស្រាបៀកម្ពុជា១គ្រឿង ស្នងការរាជធានីភ្នំពេញ ១២គ្រឿង សហការណ៍គ្នាបាញ់ទឹកពន្លត់ភ្លើង។

ទោះជាយ៉ាងណាក្តី ក្នុងប្រតិបត្តិការ ពន្លត់ភ្លើង អស់រយៈពេលជិត២ម៉ោងទៅហើយ នៅមិនទាន់បានសម្រេចនៅឡើយ ភ្លើងនៅតែបន្តឆេះ ក្នុងរោងចក្រដដែល ហើយចំពោះមូលហេតុដែលផ្តើមឲ្យកើតមានអគ្គីភ័យឆេះរោងចក្រខាងលើ មិនទាន់ដឹងច្បាស់នៅឡើយ គ្រាន់តែសន្និដ្ឋានជំហានដំបូងមកពីទុស្សេចរន្តអគ្គសនី ក៏ប៉ុន្តែនៅរង់ចាំ សមត្ថកិច្ចជំនាញ ស្រាវជ្រាវនិងពិនិត្យជាក្រោយ៕

https://youtu.be/5HeL1BZArXE

មតិយោបល់