ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា-ចិន ចុះ MOU ស្តីពី គម្រោងជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករ

រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាចំនួន ២ ស្តីពី គម្រោងជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករ កាលពីពេលថ្មីៗនេះ ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ២ ស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ជាមួយភាគីចិន មានឯកឧត្តម LIU Liange ប្រធានធនាគារនីហរ័ណ-អាហរ័ណចិន និង លោក WANG Jiong ប្រធានក្រុមហ៊ុន CITIC Group។

អនុស្សរណៈយោគយល់គ្នាទី ១ គឺមានបំណងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នរដ្ឋនៃប្រទេសទាំង ២ ដើម្បីធានាភាពជោគជ័យនៃគម្រោង។

អនុស្សរណៈយោគយល់គ្នាទី ២ គឺមានបំណងកំណត់មូលដ្ឋានសម្រាប់រៀបចំ និងអនុវត្តគម្រោង រួមមានការសាងសង់ ប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធគម្រោង។

គម្រោងជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ ត្រូវបានរៀបចំឡើង ដើម្បីបង្កើតប្រព័ន្ធឃ្លាំងស្តុកសាធារណៈ និងឡសម្ងួតស្រូវ-អង្ករ ១៥ឃ្លាំង មានសមត្ថភាពសម្ងួតស្រូវសើម ១៩៥០០តោន/ថ្ងៃ និងមានសមត្ថភាពស្តុកស្រូវ-អង្ករស្ងួត បានដល់ទៅ ១លានតោន ស្ថិតក្នុងខេត្តចំនួន ១១។

លើសពីនេះ គម្រោងនេះ មានទាំងប្រតិបត្តិការ និងការថែទាំល្អ និងប្រព័ន្ធគ្រប់គ្រងវត្ថុបញ្ចាំ ដើម្បីសម្របសម្រួលការផ្តល់ឥណទាន ដោយប្រើប្រាស់ស្រូវ-អង្ករ ជាវត្ថុបញ្ចាំ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់ឥណទានសម្បទានពី ចិន ដើម្បីអនុវត្តគម្រោងនេះ ដោយវិនិយោគលើ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឃ្លាំងស្តុកស្រូវ-អង្ករ និងឡសម្ងួតនៅទីកន្លែងចាំបាច់ទូទាំងប្រទេស ដើម្បីផ្តល់សេវាស្តុក និងសម្ងួតជូនប្រជាកសិករ និងធុរជន ក្នុងតម្លៃទាបសមរម្យ៕

មតិយោបល់