ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បុរសម្នាក់បើកកង់បីឥណ្ឌាមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន មិនគោរពភ្លើងស្តុបក្រហម ក៏ត្រូវរថយន្ត Starex បុកបណ្ដាលឲ្យប៉ើងខ្ទាតក្រឡាប់ផ្ងារជើង និងបណ្ដាលឲ្យរងរបួសមនុស្សម្នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៥ និង១០នាទីព្រឹកព្រលឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវបំបែកជាបួន (ស្តុបពេទ្យចិន) ស្ថិតលើកំណាត់ផ្លូវព្រះសីហនុ កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា។
អ្នកបើកកង់បីឥណ្ឌាមានឈ្មោះ ចិន្តា អាយុ២៩ឆ្នាំ ចំណែកភាគីខាងរថយន្ត ពុំស្គាល់អត្តសញ្ញាណនោះទេ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក Starex ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AX-0420 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយ ផ្លូវព្រះសីហនុ ក្នុងល្បឿនលឿនគួរសម មកចំណុចកើតហេតុ ភ្លើងស្តុបចរាចរណ៍ លោតពណ៌ខៀវ ទើបរថយន្តក៏បន្តបើកទៅមុខទៀត។
ពេលនោះ ស្រាប់តែកង់បីឥណ្ឌាមួយគ្រឿងពណ៌ក្រហម (ពុំមានស្លាកលេខ) បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីត្បូងទៅជើងតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងល្បឿនយ៉ាងលឿន ក៏ត្រូវរថយន្ត Starex បុកពីចំហៀងខាងស្ដាំ ប៉ើងខ្ទាតក្រឡាប់ផ្ងារជើងម្ខាង សង្កត់អ្នកបើកកង់បី បណ្ដាលឲ្យ រងរបួសជើងដើរមិនរួច ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយគ្រា យកមកអង្គុយលើចិញ្ចើមផ្លូវ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង រួចយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីរង់ចាំធ្វើការដោះស្រាយ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តមន្ទីរសម្រាកព្យាបាល ហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ៕
មតិយោបល់