ព័ត៌មានជាតិ

ឡើងទៅបូកស៊ីម៉ង់ត៍ជាន់ទី៣ ជាន់ចំឈើពុកបាក់ធ្លាក់បណ្តាលឲ្យរបួសធ្ងន់ នៅខណ្ឌមានជ័យ

ភ្នំពេញៈ បុរសជាជាងសំណង់ម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលរូបគាត់ឡើងទៅបូកស៊ីម៉ង់ត៍នៅជាន់ទី៣ ផ្ទះល្វែងមួយកន្លែង ដោយខ្វះការប្រុងប្រយ័ត្នឈានជើងទៅជាន់ចំឈើពុកបាក់ធ្លាក់មកដល់ដីនោះ និង សំណាងល្អមិនបង្កអោយគ្រោះថ្នាក់ដល់អាយុជីវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ ២C ផ្លូវលេខ ៩០ BT8 ភូមិត្នោតជ្រុំ៤ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ខាន់ ប្រុស អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅការដ្ឋានសំណង់មួយន្លែង ដែលស្ថិតនៅម្តុំគីឡូលេខ៦ ក្នុងខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅម្តុំផ្សារកអណ្តើក ខេត្តព្រៃវែង។ មុនពេលកើតហេតុ មានជាងសំណង់មួយក្រុមមានគ្នាពី ៤ ទៅ៥នាក់ ត្រូវបានម្ចាស់ផ្ទះកើតហេតុខាងលើ ជួលអោយមកធ្វើការនៅជាន់ទី៣ ដោយបុរសខាងលើគាត់ដាក់ក្តារបន្ទារឈើទៅបូកជញ្ជាំងខាងក្រៅ ក៏ឈានជើងឈោងទៅជាន់ចំឈើពុកមួយដើម បណ្តាលអោយបាក់ធ្លាក់មកដល់ដីរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង សំណាងល្អមិនរងគ្រោះថ្នាក់ដល់អាយុជីវិត។

ក្រោយពេលកើតហេតុ ក្រុមជាងធ្វើការជាមួយគ្នាក៏បាននាំគ្នាលើកយកមកដាក់ក្បែរផ្ទះខាងលើ និងមានការភ្ញាក់ផ្អើលទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុ និងហៅរថយន្តសង្គ្រោះបន្ទាន់អោយមកដឹកយកទៅធ្វើការព្យាបាលភ្លាមៗផងដែរ៕

មតិយោបល់