ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលបើកម៉ូតូម៉ាកMSXមួយគ្រឿង ត្រូវបានរថយន្តមិនចាំម៉ាកបានបើកមកបុកយ៉ាងពេញទំហឹង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ កែងនិងផ្លូវ៤៦៨ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ឆោម បូរី (ហៅភ្លោះ) ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅស្រុករមាហែក ខេត្តស្វាយរៀង។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-5720 ជិះគ្នា២នាក់ប្រុសម្នាក់ ស្រីម្នាក់ បើកតាមបណ្តោយផ្លូវ១៦៣ ខណៈមកដល់កន្លែងកើតហេតុ កែងផ្លូវ៤៦៨ ក៏មានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបានបើកមកបុកពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់បើកម៉ូតូដួលបោកក្បាលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯនារីជិះពីក្រោយរងរបួសធ្ងន់ភ្លាមៗត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ។ ចំណែករថយន្តបង្កក្រោយពីបុកភ្លាមៗបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុធ្វើការវាស់វែងនិង ឲ្យរថយន្តដឹកសាកសពយកទៅរក្សាទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូរបស់ជនរងគ្រោះសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ស្រាវជ្រាវរករថយន្តបង្កមកធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
https://youtu.be/F7uGWI66r_Y
មតិយោបល់