ព័ត៌មានជាតិ

សិស្សសាលាមួយក្រុម នាំគ្នាទៅលេងទឹកស្ទឹង បណ្ដាលឲ្យលង់ស្លាប់ម្នាក់ នៅរមណីដ្ឋានចម្ការមៀន

បាត់ដំបង: កាលពីវេលាម៉ោង ១២ និង១៥នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ត្រង់ចំណុចស្ទឹងរមណីយដ្ឋានចម្ការមៀន ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីសិស្សសាលាម្នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីនាំគ្នាលេងទឹកស្ទឹង ដែលមានជម្រៅជ្រៅ ហើយត្រូវទឹកកួចហូរ។

ជនរងគ្រោះឈ្មោះ ហុង ប្រាក់យុទ្ធ ភេទប្រុស អាយុ ១៧ ឆ្នាំ
មុខរបរសិស្សរៀនថ្នាក់ទី១១ ទីលំនៅភូមិដំណាក់ហ្លួង ឃុំវត្តគ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពពីមិត្តភក្ដិជនរងគ្រោះ មានឈ្មោះ ផាត គឹមស៊ុន ភេទ ប្រុស អាយុ ១៨ឆ្នាំ ទីលំនៅភូមិ-ឃុំ ជាមួយគ្នា) បានឲ្យដឹងថា ពួកគេ និងជនរងគ្រោះមានគ្នា ៨ នាក់ បានបបួលគ្នាទៅលេងទឹកស្ទឹង ចំណុចកើតហេតុ។ លុះពេលមកដល់ ក៏នាំគ្នាចុះងូតទឹក តែជនរងគ្រោះ បានទៅងូតនៅកន្លែងទឹកជ្រៅ ក៏ត្រូវទឹកហូរគួចលិចបាត់តែម្ដង។

ភ្លាមៗនោះ អ្នកដែលទៅលេងនៅទីនោះ ក៏បានចុះជួយរាវរកដែរ តែរកមិនឃើញ ក្រោយមកក៏ឃើញសព អណ្តែតទៅទើរនិងដើមឈើ ត្រើយម្ខាងស្ទឹង។

ក្រោយទទួលបានដំណឹងនេះ សមត្ថកិច្ច បានចុះមកត្រួតពិនិត្យសព ធ្វើកំណត់ហេតុ រួចក៏ប្រគល់ជូនឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់