កណ្តាលៈ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាឃុំខ្លួន បុរសម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នដែលប៉ុនប៉ងរំលោភតែមិនបានសម្រេចកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៤ព្រឹក ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ ស្រ៊ន ស្រ៊ុយ ភេទ ប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិពោធិ៍រាម្មា ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ បានត្រូវលោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនពីបទ«ប៉ុនប៉ងរំលោភ» តាមមាត្រា២៧ និងមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ។
បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០៥ឆ្នាំទៅ១០ឆ្នាំ ។ នីតិភាពនៃការរួមភេទត្រូវបានកំណត់ចាប់ពីអាយុ១៥ឆ្នាំ ឡើងទៅ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៧វេលាម៉ោង៤ ទៀបភ្លឺ ជនរងគ្រោះ ឈ្មោះ ស.គ.ស ភេទស្រី អាយុ ៣៣ឆ្នាំ កំពុងតែដេកក្នុងមុងជាមួយនឹងកូនប្រុស២អ្នកទៀត ក្រោយពេលប្ដីរបស់ជនរងគ្រោះបានទៅកាប់ជ្រូកឲ្យគេនៅខាងមុខផ្ទះ លុះក្រោយពេលឃើញប្ដីមិននៅផ្ទះដូចនេះ ជនសង្ស័យបានបើកមុងចូលធ្វើសកម្មភាពចាប់ជនរងគ្រោះ រំលោភសេពសន្ថវៈ ប៉ុន្ដែដោយជនរងគ្រោះដឹងខ្លួនទាន់ ក៏បានច្រានជននោះចេញនឹងស្រែកឲ្យគេជួយ បន្ទាប់មកផ្អើលឆោឡោឡើងជនសង្ស័យបានរត់គេចបាត់តែម្ដងទៅ។ ក្រោយមកជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដីតែម្ដង ។
ក្រោយទទួលបានបណ្ដឹង កម្លាំងនគរបាលប៉ុស្ដិ៍បានចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាក់ការបន្តតាមនីតិវិធី ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាចូលទៅក្នុងមុងរបស់ជនរងគ្រោះ ក្នុងគោលបំណងដើម្បីចាប់រំលោភសេពសន្ថវៈជនរងគ្រោះ ប្រាកដមែន ដោយាសារតែប្ដីនាងពុំនៅ តែត្រូវនាងដឹងខ្លួនទាន់រួចធាក់ខ្លួនចេញ រួចខ្លួនបានគេចខ្លួន ប្រាកដមែន៕
មតិយោបល់