ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនបុរស ដែលយកទឹកអាស៊ីតជះលើប្រពន្ធចុង ទៅតុលាការ

ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្ឌនៃអធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះបានបញ្ជូនខ្លួន​បុរស​វ័យចំណាស់ម្នាក់ ដែលជះទឹកអាស៊ីតលើប្រពន្ធចុងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ខៀវ វិសិដ្ឋសត្យា ស្នាក់​នៅក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌ​មា​ន​ជ័យ រាជធានីភ្នំពេញ ចំណែកស្ត្រីរងគ្រោះជា​ប្រពន្ធ​ចុង មានឈ្មោះ ឌឿន សុនណារ៉ា អាយុ ៤៧ឆ្នាំ ស្នាក់នៅក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ បានស្រលាញ់ជនរងគ្រោះជាប្រពន្ធចុង អស់ជាច្រើនឆ្នាំ ដោយមិនបានលែងលះប្រពន្ធដើមនោះទេ។

ដោយសារតែប្រពន្ធដើមចេះ តែរករឿងនារីរងគ្រោះ ច្រើនលើកពេក ជនរងគ្រោះ ក៏សុំជនសង្ស័យបែកគ្នា តែជនសង្ស័យមិនព្រម។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ត្រីរងគ្រោះជាប្រពន្ធចុង បានដេញជនសង្ស័យឱ្យចាកចេញពីផ្ទះរបស់នាង។

លុះដល់ល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បុរសជាជនសង្ស័យ បានយកទឹកអាស៊ីត ទៅជះលើស្ត្រីជាប្រពន្ធចុង បណ្តាលឲ្យរងរបួសធ្ងន់ រួចជិះម៉ូតូរត់គេចខ្លួន។

ក្រោយការគេចខ្លួន២ថ្ងៃ នៅព្រឹកថ្ងៃ១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យ បានទៅមើលស្ត្រីរងគ្រោះដល់មន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវកម្លាំងនគរបាលឃាត់ខ្លួន យកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

មតិយោបល់