ភ្នំពេញៈ ក្មេងប្រុសដែលមានអាយុទើបតែ១០ឆ្នាំម្នាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ខ្លួនឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកទូរសព្ទដៃមួយគ្រឿងពីអ្នកលក់សាំងវិចម្នាក់ តែត្រូវម្ចាស់គេតាមទាន់។
ការឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅច្រមុះជ្រូកក្បាលថ្នល់ ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់Post Newsថា ក្មេងប្រុសជាជនសង្ស័យមានឈ្មោះ រួន រ៉ន អាយុ១០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
មុនពេលកើតហេតុ ក្មេងប្រុសខាងលើបានដើររើសអេតចាយ លុះមកដល់កចំណុចខាងលើក៏បានប្រទះឃើញទូរសព្ទដៃម៉ាក សាំស៊ុង មួយគ្រឿងម្ចាស់ទុកនៅលើរទេះលក់សាំងវិច ក៏បានចូលទៅធ្វើសកម្មភាពលួចយកបានហើយព្យាយាមរត់គេចខ្លួន ក៏ស្រាប់តែម្ចាស់គេឃើញទាន់ និងចាប់ប្រគល់ឲ្យកម្លាំងមានសមត្ថកិច្ចតែម្តង។
ក្រោយពេលកើតហេតុ ទូរសព្ទដៃមួយគ្រឿងនោះត្រូវបានធ្វើការប្រគល់ទៅឲ្យបុរសជាម្ចាស់វិញ ហើយដោយសារតែក្មេងប្រុសជាជនសង្ស័យនៅក្មេងពេកនោះ ក៏សុំត្រឹមតែធ្វើការណែនាំអប់រំនៅនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវរួចក៏ធ្វើការដោះលែងឲ្យមានសេរីភាពវិញផងដែរ៕
មតិយោបល់