ព័ត៌មានសិល្បៈ និងកម្សាន្ត

នីមុន្នី នាថ ត្រូវតុលាការកោះហៅ រឿងបណ្ដឹងឆបោក

​យោងតាមឯកសារពីមន្ត្រីតុលាការ គឺតារាសម្ដែងកញ្ញា នី មុន្នីនាថ នឹងត្រូវតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៧ នេះហើយ ពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្ត ដែលប្រកាសប្ដឹងដោយលោក អ៊ឹង សូឡាង ជាអតីតគូដណ្ដឹង។ ដូច្នេះហើយទើបគេឃើញនាងស្វះស្វែងរកមេធាវី តាមរយៈសមាគមន៍សិល្បករស្ម័គ្រចិត្តដោយអះអាងថាដើម្បីតតាំងជាមួយដើមបណ្ដឹងលើផ្លូវច្បាប់។

តារាសម្ដែង នី មុន្នីនាថ ត្រូវបានតុលាការ ផ្ញើជូនលិខិតកោះហៅរួចហើយ ដោយតម្រូវអោយនាងចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី២២ វិច្ឆិកា។ លិខិតកោះហៅនោះ គឺតបតាមការពាក្យបណ្ដឹងរបស់លោក អ៊ឹង សូឡាង ជាអតីតគូដណ្តឹង កាលពីថ្ងៃ២៨ កញ្ញា ឆ្នាំ២០១៧ នៅសាលាដំបូង ដោយបានប្ដឹងនាងអោយសងប្រាក់ប្រមាណ៧ម៉ឺនដុល្លារ និងតម្រូវអោយសងជំងឺចិត្តលើបទល្មើសរំលោភលើសេចក្តីទុកចិត្តចំនួន៥ម៉ឺនដុល្លារផ្សេងទៀត។

កញ្ញា នី មុន្នីនាថ ប្រកាសថានាងនឹងចូលខ្លួនទៅបំភ្លឺ តែនាងបានដាក់លិខិតស្នើសុំមេធាវីមួយរូបពីខាងសមាគមសិល្បករខ្មែរ ដើម្បីអោយជួយផ្លូវច្បាប់។ តាមដីការកោះរបស់ចៅក្រម អ៊ុក សុវណ្ណារិទ្ធ នៃសាលាដំបូងរាជធានីភ្នំពេញ នាងត្រូវតែទៅបង្ហាញខ្លួននៅម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីកស្រាយជុំការចោទប្រកាន់របស់ដើមបណ្ដឹង។

គួរបញ្ជាក់ថា លោក អ៊ឹង សូឡាង បានចោទ នី មុន្នីនាថ ថា បានបោកប្រាក់ខ្លួន ក្នុងពេលដែលមានទំនាក់ទំនងជាមួយគ្នា ដោយលោកអះអាងថាបានទិញរបស់របរមានតម្លៃមួយចំនួនឱ្យនាង និងបានចំណាយលុយរត់ច្បាប់អោយនាងបានចេញទៅរស់អាមេរិក ប៉ុន្តែពេលធ្លាក់វីសាកាលពីខែមីនា ឆ្នាំ២០១៧ នាងបានបដិសេធមិនទៅ ទើបបណ្ដាលអោយបែកបាក់គ្នា។

លោកបានប្រកាសថា បានផ្ដល់គ្រឿងអលង្ការដូចជាខ្សែ.កពេជ្រ, ចិញ្ចៀនពេជ្រ និងក្រវិលពេជ្រ តម្លៃ៣ម៉ឺន៧ពាន់ដុល្លារ អោយនាងក្នុងថ្ងៃភ្ជាប់ពាក្យ។ យ៉ាងណាមិញ តារាសម្ដែង នី មុន្នីនាថ ធ្លាប់បានប្រកាសថា ទឹកប្រាក់៧ម៉ឺនដុល្លារ ដែលអតីតគូដណ្ដឹងដាក់ក្នុងបណ្ដឹងនោះ នាងមិនដឹងថាជាលុយអ្វីខ្លះនោះទេ គឺប្រហែលជាលោកសរុបទាំងលុយចូលបង្គន់ពេលមកស្រុកខ្មែរផងក៏មិនដឹង។

នាងថាក្នុងពេលស្រលាញ់គ្នា លោក សូឡាង បានទិញរបស់របរអោយនាង តែនាងក៍ធ្លាប់យកលុយរបស់នាងដូចគ្នាផងដែរ ដោយនាងមិនចាត់ទុកថានោះជាបទឆបោកឡើយ៕

មតិយោបល់