ព័ត៌មានជាតិ

ជិះម៉ូតូទាក់ដៃចង្កូតគ្នា ដួលម្នាក់បាក់ជើងម្ខាង ម្នាក់ជិះគេចខ្លួនបាត់!

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូម្នាក់ឯង ត្រូវបានម៉ូតូមួយគ្រឿងទៀតជិះស្របទិសគ្នាមិនប្រយ័ត្នទាក់ដៃចង្កូត បណ្តាលឲ្យដួលបាក់ជើងម្ខាងហើយម៉ូតូបង្កជិះគេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ចំណុចទល់មុខផ្ទះលក់ក្តាមឈូស២៣៣ តៃហុកហួត ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1U- 6008 ជិះម្នាក់ឯងតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីជើងទៅត្បូង ខណៈនោះក៏មានម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកនិងស្លាកលេខ ជិះស្របទិសគ្នាមិនប្រយ័ត្នបានទាក់ដៃចង្កូតម៉ូតូជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ ហើយបាក់ជើងខាងស្តាំ ចំណែកម៉ូតូដែលទាក់ដៃចង្កូតជាមួយម៉ូតូជនរងគ្រោះនោះមិនមានរបួសបន្តដំណើរចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅកន្លែងកើតហេតុហើយទាក់ទងរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទកាល់ម៉ែតដឹកទៅសង្គ្រោះ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកចរាចរណ៍នៃអធិការនគរបាលខណ្ឌដូនពេញ ដើម្បីឲ្យសាច់ញាតិមកទាក់ទងយកទៅវិញនៅពេលក្រោយ៕


មតិយោបល់