បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទីល្ងាច នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចខាងជើងផ្លូវបំបែកស្រះពីចម្ងាយ ៥០០ ម៉ែត្រលើផ្លូវជាតិលេខ ៥៦A ចន្លោះគីឡូម៉ែត្រលេខ ៤៦-៤៧ ស្ថិតក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាជនរងគ្រោះអ្នកបើកបរម៉ូតូមានឈ្មោះ ព្រឿង រដ្ឋា ហៅ ម៉ាប អាយុ១៥ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃ ឈ្មោះ វង្ស សារិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ អ្នកបើកបរគោយន្តកន្ត្រៃ និងអ្នកបើកបរម៉ូតូ បានធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង ពេលដល់កន្លែងកើតហេតុ ជនរងគ្រោះបានបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាម។ ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺគោយន្តកន្ត្រៃគ្មានចំណាំងផ្លាត ចំណែកអ្នកបើកម៉ូតូមានល្បឿនលឿន។ ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញចរាចរណ៍ បានចុះទៅត្រួតពិនិត្យ វាស់វែង រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបរគោយន្ត និងវត្ថុតាងគោយន្ត ម៉ូតូនាំយកមកសាកសួរ និងរក្សាទុកនៅអធិការដ្ឋាន រងចាំការដោះស្រាយ៕
មតិយោបល់