ព័ត៌មានជាតិ

Update៖ បុរសជាសន្តិសុខឯកជនម្នាក់ ត្រូវរថយន្តបុកអូសជាង២គីឡូម៉ែត្រ ស្លាប់យ៉ាងអណោចអធម័

ភ្នំពេញៈ បុរសជាសន្តិសុខឯកជនម្នាក់ ត្រូវបានរថយន្តដឹកកុងតឺន័រ១គ្រឿង ជ្រុលទៅបុកពីក្រោយ និងអូសចម្ងាយជាង២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ បណ្ដាលឲ្យស្លាប់ភ្លាមមួយរំពេច ខណៈរថយន្តបង្ក បានបើករត់គេចបាត់ស្រមោលតែម្ដង។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតទ្បើងនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមផ្លូវបេតុង កែងផ្លូវជាតិលេខ៤ ត្រង់ចំណុចក្លោងទ្វារវត្តស្វាយ ផ្អែម ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅទ្បើយទេ គាត់មានអាយុប្រហែល៣០ឆ្នាំ បានជិះកង់១គ្រឿង ដោយនៅលើអាវដែលគាត់ពាក់នោះ មានប៉ាក់អក្សរសន្តិសុខឯកជន ប៉ុន្តែគ្មានអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណការងារនោះទេ។ ជនរងគ្រោះ ត្រូវរថយន្តអូសចម្ងាយជាង២គីឡូម៉ែត្រ បណ្ដាលឲ្យទក់សាច់ បាក់ឆ្អឹងនិងធ្លាយពោះវៀនគួរ ឲ្យសង្វេគបំផុត។ ចំណែករថយន្តបង្ក មិនស្គាល់ម៉ាក គឺមិនដឹងថាជារបស់ក្រុមហ៊ុនផែស្ងួតណាមួយនោះ ទេ ដោយគ្រាន់តែដឹងថាជារថយន្តដឹកកុងតឺន័រប៉ុណ្ណោះ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មិនមាននរណាម្នាក់ បានដឹងច្បាស់ថា បុរសរងគ្រោះរូបនេះ ជិះកង់ធ្វើដំណើរពីណាទៅណាពិតប្រាកដនោះទេ ប៉ុន្តែនគរបាលបានសន្និដ្ឋានថា គាត់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ស្របពេលនោះ ក៏ស្រាប់តែរថយន្តដឹកកុងតឺន័រ ១គ្រឿង បានបើកបរស្របទិសគ្នា ទៅដល់បានបុកពីក្រោយ ព្រមទាំងអូសពីចំណុចកើតហេតុ រហូតដល់ក្នុងភូមិកំរៀង សង្កាត់កន្ទោក ចម្ងាយជាង២គីឡូម៉ែត្រ ទើបរបូតសាកសពចេញពីក្រោមរថយន្ត រួមតាកុងរថយន្តនោះ បានបើករត់ទៅបាត់ស្រមោល។

ក្រោយកើតហេតុកម្លាំងប៉ុស្ដិ៍កន្ទោក និងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់កន្លែងធ្វើការវាស់វែង និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបាត់សមាជិកគ្រួសារ សូមទៅទំនាក់ទំនងនគរបាលប៉ុស្ដិ៍កន្ទោក៕
https://youtu.be/irYTts_ARGo

មតិយោបល់