នាវាទេសចរណ៍ Volendam បាននាំយកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ប្រមាណ ២ពាន់នាក់ ចូលមកកម្សាន្តនៅប្រទេសកម្ពុជា តាមច្រកកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ កាលពីម្សិលមិញនេះ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ។
នាវា Volendam មានសញ្ជាតិហូឡង់ និងមានប្រវែងបណ្តោយ ២៣៨ម៉ែត្រ ទទឹង ៣៤ម៉ែត្រ និងជម្រៅទឹក ៨ម៉ែត្រ មានភ្ញៀវទេសចរសរុបជាង ១២០០នាក់ (ស្រី ៦៨២នាក់) និងនាវិក ៦៣០នាក់ (ស្រី ៩៥នាក់)។
នាវាទេសចរណ៍នេះ បានធ្វើដំណើរមកពី ប្រទេសវៀតណាម រួចនឹងបន្តដំណើរឆ្ពោះទៅកាន់កំពង់ផែ ប្រទេសថៃ នៅថ្ងៃដដែលផងដែរ។
កាលពីឆ្នាំ ២០១៦ នាវាទេសចរណ៍បរទេស ចូលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកផែសមុទ្រ មានការកើនឡើងជាងឆ្នាំ ២០១៥ ភាគច្រើនពួកគេកម្សាន្តតាមទីប្រជុំជននានា រមណីយដ្ឋានវប្បធម៌ តំបន់ឆ្នេរ និងតំបន់នេសាទ។
ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាព សុវត្ថិភាព មានការរីកចម្រើនលើគ្រប់វិស័យ ហើយខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៍បែបធម្មជាតិ នៅឆ្នាំ ២០១៧នេះ នឹងមាននាវាទេសចរណ៍បរទេស នាំភ្ញៀវទេសចរចូលមកប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត៕
មតិយោបល់