ការព្យាករណ៍អាកាសធាតុនៅលើភពផែនដីឱ្យកាន់តែប្រកបដោយភាពសុក្រិត បាននិងកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកវិទ្យាសាស្រ្ត និងអង្គការអវកាស NASA ខណៈគ្រោះមហន្តរាយពិភពលោក កាន់តែមានសភាពធ្ងន់ធ្ងរ និងកាយសហាវឡើងៗ។
ជាក់ស្តែង ថ្មីៗនេះ NASA និងក្រុមហ៊ុន NOAA បានសហការគ្នាបាញ់បង្ហោះផ្កាយរណបជំនាន់ថ្មីជាលើកដំបូងមួយឈ្មោះ JPSS-1 (Joint Polar Satellite System-1) ដែលមានសមត្ថភាពខ្ពស់ក្នុងការព្យាករណ៍ដំណើរវិវត្តនៃអាកាសធាតុនៅលើភពផែនដី ប្រកបដោយភាពប្រចក្សក្នុងរយៈពេល ៧ សប្តាហ៍។
JPSS-1 ត្រូវបានផ្លាស់ប្តូរសមាភាពឧបករណ៍វាស់ស្ទង់ចំនួន ៥ រាប់បញ្ចូលទាំងឧបករណ៍ចាប់រូបភាពដោយប្រើពន្លឺកាំរស្មី Infrared និងឧបករណ៍ Microwave Sounder ដែលអាចតាមដានកត្តាផ្សេងៗដែលជះឥទ្ធិពលទៅលើបម្រែបម្រួលអាកាសធាតុ ជាមួយព័ត៌មានយ៉ាងលម្អិត ដូចជាសីតុណ្ហភាពស្រទាប់បរិយាកាស ដុំពពក កម្របផ្ទាំងទឹកកក ពណ៌សមុទ្ទ និងកម្អែភ្នំភ្លើងជាដើម។
ពិសេសជាងនេះ វានឹងមិនត្រឹមតែជួយឱ្យអ្នកវិទ្យាសាស្រ្តទស្សទាយដឹងពីផ្លូវចររបស់ខ្យល់ព្យុះសង្ឃរានានាប៉ុណ្ណោះទេ ប៉ុន្តែ វាក៏អាចឱ្យពួកគេមើលប៉ាន់ដឹងពីការខូចខាតពីខ្យល់ព្យុះ និងវិសាលភាពនៃអំណាចរបស់វាផងដែរ។
ដូច្នេះ វាប្រហែលជាអាចជួយសង្រ្គោះអាយុជីវិតមនុស្សតាមរយៈការផ្តល់ពេលវេលាឱ្យពួកគេកាន់តែច្រើនក្នុងការត្រៀមខ្លួនគេចចេញពីតំបន់គ្រោះថ្នាក់ពីគ្រោះមហន្តរាយធម្មជាតិដ៏ប្រល័យណាមួយបាន។
ផ្កាយរណបជំនាន់ថ្មីនេះដែរ នឹងត្រូវការពេលវេលា ៣ ខែក្នុងការដាក់សាកល្បង មុនពេលបញ្ជាឱ្យវាប្រតិបត្តិការបញ្ជូនទិន្នន័យស្តីពីអាកាសធាតុមកភពផែនដី៕
ប្រភពព័ត៌មានៈ engadget
មតិយោបល់