ភ្នំពេញៈ បុរសម្នាក់វ័យ៣០ឆ្នាំបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពីផឹកស្រវឹងរករឿងប្រពន្ធវាយក្បាលនាងមួយដៃ រួចស្រីជាភរិយាបានយកកន្ត្រៃ ចាក់បណ្តាលឲ្យរងរបួស ហើយបានស្លាប់ពេលដឹកយកទៅដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
ជនរងគ្រោះជាប្តីមានឈ្មោះ ស៊ុន សុខហៃ អាយុ៣០ឆ្នាំ មុខរបរ ជំនួយការអគ្គិសនី រដ្ឋាករទឹក រស់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកំពង់សោម ។ ចំណែកជនសង្ស័យជាប្រពន្ធឈ្មោះ សុខ សុគន្ធា ហៅមុំ អាយុ៤២ឆ្នាំ មុខរបរ លក់ដូរ លក់ប្រហិតចៀន នៅផ្ទះកើតហេតុ មានស្រុកកំណើត ស្រុកទ្រាំង ខេត្តតាកែវ។ គ្រួសារខាងលើ មានកូនក្នុងបន្ទុក៧នាក់ ប្រុស៤នាក់ ស្រី៣ នាក់រស់នៅជាមួយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោងខាងលើ មិនដឹងថាប្តីទើបមកពីផឹកស៊ីនៅទីណានោះទេ ស្រវឹងចូលមកដល់ផ្ទះហើយថែមទាំនាំមិត្តភក្តិ២នាក់ទៀតមកផឹកបន្ត រួចក៏រករឿងឈ្លោះប្រពន្ធ ដោយខឹងចោទថាប្រពន្ធលក់ដូរឲ្យគេជឿ ជំពាក់ច្រើនពេក លក់ដូរមិនដែលបានលុយ ទើបទាស់ពាក្យសម្តីគ្នា គំរាមវាយកូនចៅ បង្កឲ្យភ័យខ្លាច ឈានដល់ ប្តីស្ទុះទៅវាយក្បាលប្រពន្ធមួយដៃ ហើយកើតជាជម្លោះតែម្តង រួចជេរតទៅវិញទៅមក ប្តីហក់ចូលទៅម្តងទៀត ខណៈដែលប្រពន្ធកាន់កន្ត្រៃ កាត់ថង់នំស្រាប់ផង លើករង ជង់ចំទ្រូង បណ្តាលឲ្យរងរបួសធ្ងន់ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអនិច្ចា ជនរងគ្រោះឈាមហូរចេញខ្លាំងពេក ក៏ស្លាប់បាត់ជីវិត រួចដឹកត្រឡប់មកតម្កល់ទុកនៅវត្តពោធិ៍ចិនតុងវិញ។ ទើបបង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ កាលពីវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ។
ស្រ្តីជាប្រពន្ធក្រោយកើតហេតុ កាន់កន្រ្តៃ ចូលទៅបំភ្លឺនៅប៉ុស្តិ៍កាកាប ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់