ភ្នំពេញៈ ជនជាតិចិនប្រុសស្រីមួយក្រុម បានបើករថយន្តស៊េរីទំនើបមួយគ្រឿងយ៉ាងលឿន ដោយបំពានភ្លើងសញ្ញចរាចរណ៍ ក៏ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿង ដែលកំពុងបើកឆ្លងផ្លូវចំពេញទំហឹង កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបពេទផន ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនបីនាក់ បើករថយន្តមួយគ្រឿង ម៉ាក តូយូតាព្រូស ពណ៌ស គ្មានស្លាកលេខ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីកើតទៅលិច។
លុះមកដល់ស្តុបកើតហេតុ ក៏បានបើកឆ្លងកាត់ផ្លូវម៉ៅសេទុងឆ្ពោះទៅមុខដោយភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង។ ខណៈពេលដែលបើកឆ្លង បានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយអ៊េចវ័ន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-6573 បើកបរដោយជនជាតិចិនប្រុសស្រីបីនាក់ តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូងយ៉ាងលឿន។ ដោយមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ក៏ជ្រុលទៅបុករថយន្តព្រូសពីមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តព្រូសរេចង្កូតទៅខាងស្តាំបុកនិងឡើងលើខឿន នៅខាងមុខស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច បណ្តាលឲ្យខឿនបាក់អស់មួយផ្ទាំង។
ចំណែកឯរថយន្តព្រូសរងការខូចខាតក្រពឹត និងដាច់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេង ទៅមុខលែងរួច។ ដោយឡែករថយន្តបង្ករបស់ជនជាតិចិន រងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញក៏បានចុះមកដល់កន្លែងកើតហេតុ ហើយក៏មានតំណាងភាគីទាំងពីរចូលមកធ្វើការដោះស្រាយគ្នា ដោយភាគីខាងរថយន្តបង្កមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏ព្រមចេញសំណងចំនួន៥០០០០ដុល្លារឲ្យទៅភាគីខាងរថយន្តរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
មតិយោបល់