ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ លោក ម៉ុង មុន្នីសោភា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមផ្ដន្ទាទោស ជនជាប់ចោទទី១ឈ្មោះ ញ៉ែម សារុំ ភេទប្រុស អាយុ ៣៧ឆ្នាំ ជាប្តី និងទី២ឈ្មោះ ថាច់ ថង់ ភេទស្រី អាយុ ៤២ឆ្នាំ ជាប្រពន្ធ ស្នាក់នៅកន្លែងកើតហេតុ ផ្ទះគ្មានលេខ ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដាក់ពន្ធនាគារកំណត់រយៈពេល ៧ឆ្នាំម្នាក់ ពីបទ សញ្ចារកម្មមានស្ថានទម្ងន់ទោសពាក់ព័ន្ធជនរងគ្រោះជាច្រើននាក់ ប្រព្រឹត្ដិកាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ យោង
តាមមាត្រា២៨៣៤ និងមាត្រា ២៨៩ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧កន្លងទៅ កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ដោយមានការ សម្របសម្រួលដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងហាងម៉ាស្សា យីហោ ៧៧៧៧ ស្ថិតនៅផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយសង្ស័យថា មានបង្កប់សេវាផ្លូវភេទដោយខុសច្បាប់។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានរំដោះស្ត្រីជាជនរងគ្រោះចំនួន ៤នាក់ និងរកឃើញវត្ថុតាងមួយចំនួន ដូចជា ស្រោមអនាម័យមិនទាន់ប្រើ និងប្រើហើយ មួយចំនួនធំ សៀវភៅកត់ត្រាបញ្ជីមួយចំនួនផងដែរ ៕
https://youtu.be/Qr86kmWs_14
មតិយោបល់