ព័ត៌មានជាតិ

Update៖ បើករថយន្តទៅបុកម៉ូតូពេញទំហឹងស្លាប់និងរបួស២នាក់ រួចវេកន្ទុយទូកុងតឺន័ត ទៅបុករថយន្តមួយគ្រឿងទៀតយ៉ាងរន្ធត់

ភ្នំពេញៈ លោកវរសេនីយ៍ឯក ឈិន គីមធុយ អធិការខណ្ឌព្រែកព្នៅ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ាកHINO មួយគ្រឿង បើកទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួស រួចវេកន្ទុយទូកុងតឺន័រដែលនៅលើរថយន្ត ទៅបុកនឹងរថយន្តម៉ាក KAMAZ បន្ថែមទៀតខូចខាតយ៉ាងដំណំ។

ករណីនេះកើតឡើងនៅម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចគល់ស្ពានព្រែកព្នៅ លើផ្លូវទំនប់កប់ស្រូវ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរថយន្តម៉ាក HINO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3C-2904 បើកបរក្នុងទិសដៅពីកើតទៅលិច បានបុកជាមួយម៉ូតូ មួយគ្រឿងម៉ាក HONDA CBR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FZ-1970 ជិះគ្នា២នាក់ ទិសដៅស្របគ្នាបើកបរដោយឈ្មោះ សៀវ សុខា ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្សារស៉ិនជូរី ( របួសស្រាល ) រួមដំណើរដោយឈ្មោះ វិចិត្រ ភេទប្រុស ស្លាប់ រថយន្តបានរ៉េកាត់ទទឹងផ្លូវ ទៅបុករថយន្តមួយគ្រឿងទៀតម៉ាក KAMAZ ពាក់ស្លាកលេខ ភ្នំពេញ 3B-9184 ដែលបើកបរបញ្ច្រាសទិសគ្នារងការខូចខាតបន្ថែមទៀតតែម្តង ចំណែកអ្នកបើករថយន្តទាំង២គ្រឿងបានចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូទាំង៣គ្រឿង ទៅរក្សាទុកនៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នាបន្តទៀត។ ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រៃពណី៕

មតិយោបល់