ព័ត៌មានជាតិ

Update៖ ស្លាប់ម្នាក់ភ្លាមៗនិងរបួសធ្ងន់ ២នាក់ បន្ទាប់ពីជិះម៉ូតូវ៉ាជែងចូលគន្លងផ្លូវម្ខាងទៀតបុកគ្នាពេញទំហឹង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលម៉ូតូ ២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង ដែលមួយគ្រឿងសង្ស័យវ៉ាជែងចូលគន្លងផ្លូវម្ខាងទៀត បណ្តាលឲ្យស្លាប់ម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ទីតាំងស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញសមត្ថកិច្ចម្នាក់បើកបរម៉ូតូប្រភេទធុនធំមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JG-7897 ទើបចេញពីគោលដៅការពារ ក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជន ២នាក់ ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ ឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JQ-3757 បើកបរក្នុងទិសដៅពីជើងទៅត្បូងសង្ស័យវ៉ាជែងចូលគន្លងផ្លូវម្ខាងទៀត ជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូឌ្រីមសង់របួសធ្ងន់ម្នាក់ បញ្ជូនទៅសង្រ្គោះភ្លាមៗ និងម្នាក់ទៀតស្លាប់ដែលមានឈ្មោះ ម៉ាប់ ញ៉ឹត អាយុ ២៧ឆ្នាំ រស់នៅភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ចំណែកខាងសមត្ថកិច្ចរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ ក៏បានចុះដល់ទីតាំងធ្វើការវាស់វែងយកសម្ភារ: ទាំងសងខាងទៅរក្សាទុកចំណែកសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់