ព័ត៌មានជាតិ

តំណាងកាស៊ីណូថ្មពេជ្រនិងសន្តិសុខ ត្រូវជនសង្ស័យដកកាំភ្លើងភ្ជង់ប្លន់!

កណ្តាលៈ ជនសង្ស័យម្នាក់បានដកកាំភ្លើងភ្ជង់តំណាងកាស៊ីណូថ្មពេជ្រ និងសន្តិសុខក្នុងកាស៊ីណូ ដែលកំពុងទុកដាក់សម្ភារៈលុយកាក់ ក្នុងគោលបំណងប្លន់យកលុយ តែត្រូវបានសន្តិសុខជាច្រើននាក់ បាន នាំគ្នាព្រួតចាប់ក៏មាន ការប្រទុះសារ៉ាយប្រតាយប្រតប់គ្នា រហូតចាប់ជនសង្ស័យបាន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីយប់ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច ក្នុងកាស៊ីណូថ្មពេជ្រ ក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានប្រាប់អោយដឹងថា ជនរងគ្រោះនិងជាតំណាងកាស៊ីណូថ្មពេជ្រ ឈ្មោះ អៀង សុងទ្រី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅស្នាក់នៅក្នុងកាស៊ីណូក្នុងភូមិឃុំកើតហេតុខាងលើ។ រីឯ ជនសង្ស័យឈ្មោះ អ៊ំ សុភក្រ័ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ សង្កាត់សែនសុខ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរនាយផ្នែកស្រាវជ្រាវស៊ើបការក្រៅនិងបច្ចេកទេស(ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន អាវុធខ្លីម៉ាក់ប៉េអាកុល តួពណ៌ស ស្នាប់ពណ៌ខ្មៅ ចំនួន១ដើម លេខ 5559A1USA, ស្រោមអាវុធខ្លីជ័រ ពណ៌ខ្មៅចំនួន១, បង់ចំនួន២មានគ្រាប់ចំនួន៩គ្រាប់, ខ្នោះដៃចំនួន១, ម៉ូតូហុងដា គុប សេ៥០ ពណ៌ស្លែ ពាក់លេខ ភ្នំពេញ1AA.1509 ចំនួន១គ្រឿង , រូបថតជនសង្ស័យពាក់ឯកសណ្ឋាននគរបាលពាក់កណ្ដាលខ្លួន ចំនួន១០សន្លឹក, កាបូបស្ពាយ ពណ៌ឈាមជ្រូកចំនួន១, សម្ភារៈផ្សេងៗមួយចំនួនតូច,ទូរសព្ទដៃម៉ាក់អាយហ្វូន៥ហ្គោល ពណ៌ទឹកមាស ចំនួន១គ្រឿង។ ការខូចខាតរួមមានស្នាមបែកធ្លុះនិងស្រាំកញ្ចក់បន្ទប់ដាក់សម្ភារៈចំនួន១កន្លែង។

ប្រភពដដែលបានបញ្ជាក់ថា នៅយប់កើតហេតុ ពេលដែលបុគ្គលិកកាស៊ីណូកំពុងតែរៀបចំ ទុកដាក់សម្ភារៈលុយកាក់ ក្រោយពេលអស់ភ្ញៀវ ក៏ស្រាប់តែជនសង្ស័យបានកាន់កាំភ្លើងខ្លី ដើរសំដៅចូលមកក្នុងបន្ទប់ សង្វៀនកាស៊ីណូហើយស្រែកថា«នៅអោយស្ងៀម» ភ្លាមនោះបុគ្គលិកនិងសន្ដិសុខកាស៊ីណូបានឃើញហើយក៏ស្រែកថា«ហ្អែងកុំចូលមក» តែភ្លាម នោះជនសង្ស័យក៏បានលើកកាំភ្លើងឡើងភ្ជង់ សំដៅមកបុគ្គលិកនិង សន្ដិសុខ ពេលនោះខាងសន្ដិសុខកាស៊ីណូ ក៏បាននាំគ្នាព្រួតចាប់ក៏មាន ការប្រទុះសារ៉ាយប្រតាយប្រតប់គ្នា រហូតចាប់ជនសង្ស័យបាន រួចបាន រាយការណ៏ជូនសមត្ថកិច្ចតែម្ដង។

ករណីខាងលើផ្នែកជំនាញកំពុងសហការកសាងសំណុំរឿងនៅកន្លែង កើតហេតុដោយពុំទាន់បានបញ្ជូននសង្ស័យទៅអធិការដ្ឋាននគរបាស្រុក នៅឡើយ។

ពាក់ពន្ធ័និងករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) ក្រុមការងារបានព្យាយាមទំនាក់ទំនងទៅលោកអធិការស្រុកដែរ ចង់ដឹងថា តើជនសង្ស័យនិងបន្តនីតិវិធីដល់ណាហើយ តែលោកមិនលើកទូរសព្ឌ៕

មតិយោបល់