ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេម និងគ្រួសារជនរងគ្រោះ តទល់គ្នានៅតុលាការ

ភ្នំពេញៈ ទីបំផុតការសម្រុះសម្រួលក្រៅឆាក នៅតែមិនអាចបិទបាំងរឿងរ៉ាវដែលបានកើតឡើងទាំងស្រុងពីសំណាញ់ច្បាប់ឡើយ បន្ទាប់ពីរងការរិះគន់ពីសំណាក់មហាជន និងក្រុមអ្នកច្បាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កមានឲ្យមនុស្សស្លាប់ ដាច់ខាតមិនអាចបង់សំណងហើយរួចខ្លួននោះទេ។ នៅក្នុងពេលនេះ សំណុំរឿងទាំងមូលបានធ្លាក់ដល់ដៃតុលាការហើយ ហើយតុលាការអាចនឹងកោះហៅតារាចម្រៀង ខេម និងភាគីអ្នកស្លាប់ទៅសួរនាំក្នុងពេលខាងមុខ។

លោក សឿន សារឿន នាយរងផ្នែកវាស់វែងវិវាទចរាចរណ៍ នៃការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ បានអះអាងថា លោកបានបញ្ជូនសំណុំរឿងទៅកាន់តុលាការ តាមបញ្ជារបស់ថ្នាក់លើ កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ព្រោះតែបញ្ហានេះមិនអាចបញ្ចប់ត្រឹមការសម្រុះសម្រួល។ លោកនិយាយថា លោកសម្រេចបញ្ជូនសំណុំរឿងទាំងស្រុងទៅកាន់តុលាការ ដើម្បីបញ្ចប់រឿង បន្ទាប់ពីលោក ខេម បដិសេធមិនព្រមផ្ដល់សំណងចំនួន ២៥០០០ដុល្លារអាមេរិក ឲ្យទៅភាគីជនរងគ្រោះ។ យ៉ាងណាមិញលោកថា ការសម្រុះសម្រួលបង់ប្រាក់នោះ គឺគ្រាន់តែដើម្បីបញ្ចប់លើបណ្ដឹងរដ្ឋប្បវេណីប៉ុណ្ណោះ ប៉ុន្តែមិនអាចបញ្ចប់រឿងរ៉ាវទាំងស្រុងនៅក្រៅប្រព័ន្ធតុលាការបានទេ។ លោកមិនទាន់ដឹងថាតារាចម្រៀង ខេម នឹងត្រូវជាប់គុក ឬពិន័យបែបណានោះទេ ដរាបណាភាគីទាំងពីរ មិនទាន់ចូលដល់សង្វៀនក្រចកសេះរបស់តុលាការ និងមិនទាន់ត្រូវបានតុលាការកាត់សេចក្ដីនូវលទ្ធផលចុងក្រោយ។

ស្របពេលនេះ លោកក៏បដិសេធមិនទម្លាយឲ្យដឹងទេ ថាតើភាគីអ្នកស្លាប់ ឬតារាចម្រៀង ខេម ជាអ្នកខុសច្រើន? ដោយអះអាងថា រង់ចាំឲ្យតុលាការធ្វើការកាត់ក្ដីវិញ។

លោកសឿន សារឿន ឲ្យដឹងទៀតថា ចំពោះបញ្ហាផ្លូវច្បាប់ ឲ្យតែករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានរបួសស្នាម និងសម្រាកក្នុងមន្ទីរពេទ្យលើសពី១អាទិត្យ គឺត្រូវតែបញ្ជូនសំណុំរឿងទៅកាន់តុលាការ ទើបលោកបញ្ជូនរឿងហ្នឹងទៅតុលាការកាលពីល្ងាចថ្ងៃទី២៣ ឧសភា តាមបញ្ជារបស់ថ្នាក់លើ។

យ៉ាងណាមិញ មុននេះបន្តិចគេកត់សម្គាល់ឃើញថាសំណុំរឿងនេះ គ្រោងបញ្ចប់ត្រឹមការសម្រុះសម្រួលនៅក្រៅប្រព័ន្ធតុលាការ ទើបគេឃើញមន្ត្រីប៉ូលិស និងគ្រួសាររបស់ជនរងគ្រោះផ្ទាល់ មិនព្រមបញ្ចេញថា តារាចម្រៀង ខេម ពិតជាអ្នកបើករថយន្តក្នុងហេតុការណ៍បណ្ដាលឲ្យលោក លី ការិន ត្រូវស្លាប់កាលពីយប់ថ្ងៃទី១៨ ឧសភានោះ។ ក្នុងនោះ សូម្បីតែប្រាក់សំណងចំនួន២៥០០០ដុល្លារ ក៏ត្រូវលាក់យ៉ាងជិត ដើម្បីកុំឲ្យរឿងបែកខ្ចាយមកក្រៅ ងាយស្រួលបញ្ចប់រឿងនៅក្រៅប្រព័ន្ធតុលាការ។ តែទំនងជារឿងលាក់មិនជិត ហើយមានការរិះគន់ពីក្រុមអ្នកច្បាប់ ស្របគ្នាដែលតារាចម្រៀង ខេម ក៏មិនព្រមផ្ដល់សំណង២៥០០០ដុល្លារ តាមការទាមទាររបស់គ្រួសារជនរងគ្រោះ ទើបគ្រួសារនេះមិនព្រមបន្តសម្រុះសម្រួលបន្តទៀត បណ្ដោយឲ្យសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅកាន់តុលាការធ្វើឡើងវិញ។

មហាជនភាគច្រើនកំពុងរង់ចាំមើល ថាតើចំណាត់ការរបស់តុលាការ នឹងមានលទ្ធផលបែបណា ជាពិសេសក្នុងពេលដែលលេចឮថា តារាចម្រៀង ខេម មានមន្ត្រីធំម្នាក់ ជាបងធម៌ ធ្វើអង្គរក្សជួយអន្តរាគមន៍៕

photo_2016-05-24_00-48-03 photo_2016-05-24_00-48-04 (2) photo_2016-05-24_00-48-04 photo_2016-05-24_00-48-05 (2) photo_2016-05-24_00-48-05 photo_2016-05-24_00-48-06 photo_2016-05-24_00-48-07 (2) photo_2016-05-24_00-48-07 photo_2016-05-24_00-48-08 (2) photo_2016-05-24_00-48-08 photo_2016-05-24_00-48-09 photo_2016-05-24_00-48-1000

មតិយោបល់