ព័ត៌មានបច្ចេកវិទ្យា

Samsung ធ្លោយចេញព័ត៌មានអំពី Galaxy X គូប្រជែង iPhone X ថ្ងៃអនាគត

ជាច្រើនឆ្នាំមកហើយដែលព័ត៌មានចចាមអារ៉ាស្តីអំពីស្មាតហ្វូនអេក្រង់អាចបត់ ឬពត់ចុះឡើងបានពីក្រុមហ៊ុន Samsung ដែលគេអះអាងថាមានឈ្មោះ Galaxy X។ ប៉ុន្តែ រហូតមកទល់ពេលនេះ វានៅតែមិនទាន់លេចចេញជារូបរាងពិតប្រាកដនៅឡើយ។ យ៉ាងណាក្តី លើកនេះព័ត៌មានរបស់ស្មាតហ្វូនដែលគេរំពឹងថានឹងចេញ​មកដើម្បីផ្តួល iPhone X នោះ ហាក់ត្រូវបានទម្លាយចេញជាផ្លូវការនៅលើគេហ​ទំព័ររបស់ក្រុមហ៊ុន Samsung ក្នុងផ្នែកទំព័រ Support មួយ។

យោងតាមគេហទំព័រ MobielKopen នៅលើទំព័រ Support នោះ បានរំលេចលេខកូដសម្គាល់ស្មាតហ្វូនម៉ូឌែលស្មាតហ្វូនដ៏ថ្មីស្រឡាងមួយឈ្មោះ SM-G888NO ដែលពីមុនមក លេខកូដសែស្រឡាយ SM-G888 ត្រូវបានព័ត៌មានចចាមអារ៉ាមលើកឡើងជាច្រើនឡើងច្រើនសារថា វាគឺសម្រាប់សម្គាល់​ស្មាតហ្វូនអេក្រង់បត់ Galaxy X។

ប្រភពដដែលបន្ថែមថា SM-G888 បានទទួលរួចទៅហើយនូវលិខិតបញ្ជាក់ពីនិយ័តករផ្សេងៗគ្នា រាប់បញ្ចូលទាំងពីស្ថាបន Bluetooth SIG, Wi-Fi Alliance និងភ្នាក់ងារ National Radio Research Agency របស់រដ្ឋកូរ៉េ។

ដោយឡែក ចំពោះលេខកូដម៉ូឌែលនៅចុងកន្ទុយដែលដាក់ថា NO គឺត្រូវបានគេហទំព័រ Forbes រាយការណ៍ថា សម្រាប់សម្គាល់ទីផ្សារកូរ៉េខាងត្បូង ដែលនេះ គឺស៊ីគ្នាទៅនឹងគ្រោងការរបស់ក្រុមហ៊ុន Samsung ដែលគេលើកឡើងពីមុនមកថា នឹងផលិតចេញស្មាតហ្វូន Android អេក្រង់បត់លើកដំបូងក្នុងបរិមាណកំណត់មួយសម្រាប់តំបន់។

ប្រភពដដែលគូសបញ្ជាក់បន្ថែមថា Galaxy X ប្រហែលជាមិនមានការផលិតក្នុងទ្រង់ទ្រាយធំនោះទេ ប៉ុន្តែ វានឹងក្លាយជាស្មាតហ្វូនដែលនឹងមានឥទ្ធិពលទៅលើការរចនាស្មាតហ្វូននាពេលអនាគត ៥ ឆ្នាំខាងមុខ។

ចំពោះសំណួរថាតើ Galaxy អេក្រង់បត់នោះ នឹងបង្ហាញវត្តមាននៅពេលណានោះ គឺគេមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ប៉ុន្តែ ប្រហែលជានៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ CES ខែមករា ឆ្នាំក្រោយ នាទីក្រុង Las Vegas សហរដ្ឋអាមេរិក ដែលជាឱកាសដ៏ល្អប្រសើរមួយសម្រាប់ក្រុមហ៊ុន Samsung ក្នុងការបង្អួតពិភពលោក​ពីបច្ចេកវិទ្យាអេក្រង់ថ្មីរបស់ខ្លួនសម្រាប់ឆ្នាំថ្មី។

Samsung អាចនឹងប្រញាប់ចេញ Galaxy X ដើម្បីទប់ទល់ជាមួយ iPhone X

 

មតិយោបល់