កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្តបើកបុកម៉ូតូ បណ្តាលឲ្យភាគីខាងម៉ូតូរបួសធ្ងន់ចំនួន២នាក់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង១១នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៥-១៩៦ ភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ ចាប់ សារឿន ភេទប្រុស អាយុ២៣ឆ្នាំ(របួសធ្ងន់) បើកបរម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1X-7232 ស្នាក់នៅភូមិស្រែធ្នង់ ឃុំរមណី ស្រុកវៀង ខេត្តព្រះវិហារ និងអ្នករួមដំណើរម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ(របួសធ្ងន់)។ ចំណែកឯជនបង្កជាម្ចាស់រថយន្តក៏មិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះដែរ បើកបររថយន្តមួយគ្រឿងម៉ាកCAMARYស្វិត ពណ៌ខ្មៅ ពាក់ស្លាកលេខ ឃ.៨៨៩៤ភព២។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តនិងម៉ូតូទាំងពីរបានបើកបរបញ្រ្ចាសទិសគ្នា លុះដល់ចំណុចកើតហេតុ រថយន្តបង្កបានវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ រួចក៏ជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះ ដោយជនរងគ្រោះបានពាក់មួកសុវត្តិភាព ក៏នៅតែបណ្តាលឲ្យរបួសធ្ងន់ចំនួន២នាក់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅឯអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
មតិយោបល់