ព័ត៌មានជាតិ

មានអ្នកបាត់រថយន្តទេ? ប្រទះឃើញរថយន្ត FORD នៅផ្លូវជាតិលេខ៥៦A

បន្ទាយមានជ័យ: លោកវរសេនីយ៍ឯក ចាប សុផាឬទ្ធិ ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលផែនប្រឆាំងបទល្មើស បានប្រាប់Post Newsថា មានករណីឃាត់រថយន្តចង្កូតស្តាំខុសច្បាប់មួយគ្រឿងម៉ាកFORD បន្ទាប់ពីបានបើកបរចេញពីទីរួមស្រុកថ្មពួក ឆ្ពោះទៅច្រកព្រំដែនបឹងត្រកូន។

ហេតុការណ៍ដែលគេយករថយន្តទៅប្លុងចោល កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវជាតិលេខ៥៦A ស្ថិតក្នុងភូមិថ្មី ឃុំគោករមៀត ស្រុកថ្មគោល ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យជាម្ចាស់រថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ បើកបររថយន្តមួយគ្រឿងម៉ាកFORD ពណ៌ស ចង្កូតស្តាំ ទ្វាបួន លេខអូតូផលិតក្នុងឆ្នាំ២០១៦គ្មានពន្ធ ដែលជនសង្ស័យបានលួចបើកឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ក៏ត្រូវបានសមត្ថកិច្ចពួនស្ទាក់ចាប់មុខសញ្ញា តែត្រូវជនសង្ស័យដឹងខ្លួន ក៏បានបើកគេចខ្លួនទើបបណ្តាលឲ្យធ្លាក់ផ្លូវប៉ែកខាងត្បូង ហើយជនសង្ស័យបានយកសោកុងតាក់គេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុកបណ្តោះអាសន្ន នៅនគរបាលស្រុកថ្មពួក ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់