ព័ត៌មានជាតិ

កម្លាំងផែនការងារសន្តិសុខខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ ក្លែងបន្លំ និងកំហែងយក

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅរសៀល ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារ សន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា៖ ក្រោយពីបានទទួលពាក្យបណ្តឹងពី តំណាងមន្ទីរបរិស្ថានខេត្តសៀមរាប និងមានការឯកភាពឲ្យស្រាវជ្រាវពី លោកស្នងការនគរបាលខេត្ត ហើយដោយមានដីកា សម្រេចឲ្យបើកការស៊ើបអង្កេតបឋមពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប បានដឹកនាំកម្លាំងផែនការងារសន្តិសុខ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ស្វាយដង្គុំ របស់អធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការអញ្ជើញ ជនសង្ស័យ ឈ្មោះ ព្រលឹងសម្រេច ស៊ិនវុឌ្ឍី ហៅ តាលៀង ដែលមានឈ្មោះដើម ស៊ីម ឈុនលៀង ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ ជាអ្នកសារពត៌មាន មានទីលំនៅបច្ចុប្បន្ន ភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ដែលបានធ្វើសកម្មភាព ប្រើប្រាស់ទូរសព្ទហៅទៅ ម្ចាស់អាជីវកម្ម ០១កន្លែង នៅស្រុកក្រឡាញ់ ដោយប្រាប់គេថា ខ្លួនជាមន្ត្រីបរិស្ថានខេត្ត និងមានបញ្ជាពីថ្នាក់ដឹកនាំខេត្តឲ្យជួយដោះស្រាយលុយខ្លះ បើមិនអញ្ចឹងទេនឹងឲ្យក្រុមការងារចុះត្រួតពិនិត្យអាជីវកម្ម កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២០ ។

ក្រោយការសាកសួររបស់សមត្ថកិច្ច សាមីខ្លួនបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពនេះ ពិតប្រាកដមែន ហើយនេះជាសកម្មភាពនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ទីរបរិស្ថានខេត្ត និងថ្នាក់ដឹកនាំខេត្តទាំងមូល ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីបន្ត៕

មតិយោបល់