ភ្នំពេញៈ ក្រុមក្មេងទំនើង៣នាក់ តែងតែអុកឡុកនិងវាយសិស្សនៅក្នុងសាលា ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដង្កោឃាត់ខ្លួនយកមកអប់រំ។ ករណីឃាត់ខ្លួនក្រុមក្មេងទំនើងនេះធ្វើឡើងកាលពីរវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងសាលាបឋមសិក្សាដង្កោ ស្ថិតនៅភូមិខ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្មេងទំនើងទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះទី១ ឈ្មោះ ឆាយ សុវណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សសាលាទួលអំពិល ស្នាក់នៅភូមិសំបួរសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២ឈ្មោះ ស៊ូ មិនឡុង ភេទប្រុស អាយុ១៤ សិស្សសាលាដង្កោ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ និងទី៣ឈ្មោះ សាម ប្រុស ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។
បើតាមសម្ដីពីសមត្ថកិច្ចប៉ុស្តិ៍ដង្កោបានអោយដឹងថា ដោយសារតែមានវាយក្មេងៗដូចជាសិស្សនៅក្នុងសាលារៀនជាញឹកញាប់ កម្លាំងប៉ុស្តិ៍បានចេញល្បាតនៅក្នុងមូលដ្ឋាន ស្រាប់ឃើញក្មេងទំនើង៣នាក់ដែលកំពុងដើរចូលទៅក្នុងសាលាដោយសារតែឃើញសភាពមិនស្រួលសមត្ថកិច្ចក៏បានទៅឃាត់ខ្លួនយកមកនាំនៅប៉ុស្តិ៍ដង្កោ ពេលដែលយកមកដល់ប៉ុស្តិ៍សមត្ថកិច្ចបានអោយក្រុមក្មេងទំនើងទាំងនោះដោះអាវក៏ឃើញស្នាមចាក់សាក់នៅលើដៃជាកន្លែងធ្វើអោយខុសពីក្មេងដទៃៗទៀត។
ប្រភពព័ត៌ពីក្មេងៗសិស្សសាលាបានលើកឡើងថា ក្រុមក្មេងទំនើងទាំងមានគ្នាច្រើន ហើយតែងតែមករករឿងនិងវាយតប់សិស្សសាលាកំពុងតែរត់លេង ពេលដែលលោកគ្រូអ្នកគ្រូអោយចេញលេង ហើយក្រុមនេះវាយហើយជិះម៉ូតូគេចខ្លួនបាត់។
ពេលក្រុមក្មេងទំនើងខាងលើនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍ដង្កោ ដើម្បីណែរនាំអប់រំ និងបានហៅអាណាព្យាបាល អោយមកធានាកូនដ៏ល្អនេះអោយត្រឡប់ទៅផ្ទះវិញ៕
https://youtu.be/mR1zaXFW4Jw
មតិយោបល់