កំពង់ស្ពឺៈ លោក តាប់ លន ស្នងការរងខេត្តកំពង់ស្ពឺទទួលផែនចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៧និង១៨ ស្ថិតក្នុងភូមិខ្លែងពណ៌ជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ម្ចាស់ម៉ូតូជាជនរងគ្រោះមានឈ្មោះ សៅ មុំ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិអូពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរម៉ូតូមួយគ្រឿង ម៉ាកហុង ដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1G-7529 និងម្ចាស់រថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ បើករថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2AK-0013។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញម៉ូតូនិងរថយន្ត បានបើកបរបញ្រ្ចាសទិសគ្នា លុះដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានជ្រុលចង្កូតទៅបុករថយន្តពេញទំហឹង បណ្តាលឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗ ព្រមទាំងខូចខាតម៉ូតូនិងរថយន្តស្រាល ចំណែកម្ចាស់រថយន្ត បានគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំងពីរ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕
មតិយោបល់