ព្រះសីហនុៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកMiNi Cooper’s បុកម៉ូតូស៊ុយសាគី ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ដាច់ជើងស្លាប់ កាលពីវេលា១០និង២០នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូ ២០៦-២០៧ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គ្រោះថ្នាក់ចរាចរណ៍កើតឡើង ខណៈដែលរថយន្តម៉ាក MiNi Cooper’s ពាក់ស្លាកភ្នំពេញ 2AN-2007 ចេញពីភ្នំពេញ ទៅព្រះសីហនុ លុះដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកសុយសុយគី ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលកំពុងបើកបរទិសបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ដាច់ជើងស្លាប់យ៉ាងរន្ធត់។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ម៉ម សាវុធ ភេទប្រុស អាយុ២៥ឆ្នាំ មាស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង នាំយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំដោះស្រាយគ្នាពេលក្រោយបន្តទៀត ចំណែកសពយកទៅតម្កល់ទុកនៅវត្តស្មាច់ដែង ដើម្បីស្រាវជ្រាវរកសាច់ញាតិ៕
មតិយោបល់