នេះគឺជាការស៊ុតដាច់ជើងចោលរបស់ក្រុម Paris Saint Germain ដែលមិនទុកមុខឲ្យក្រុម Celtic ឡើយ ពោលក្រុមបារាំងមួយនេះ បានយកឈ្នះ ក្នុងលទ្ធផល យ៉ាងអស្ចារ្យ ៧-១ ។
ការបណ្តាក់គ្នាស៊ុត យ៉ាងសម្បើមយប់មិញនេះ បានបង្ហាញឲ្យឃើញនូវភាពខ្លាំងក្លារបស់ក្រុម Paris Saint Germain ដែលមិនទាន់ទទួលបរាជ័យម្តងឡើយ ក្នុងរដូវកាលនេះ។ ជាក់ស្តែងណាស់ Paris Saint Germain បានបន្តលុតក្រុម Celtic ៧-១ ក្នុងការប្រកួតឈ្នះទាំង៥លើកជាប់ៗគ្នា ក្នុង Champion League វគ្គចែកពូលនេះ ខណៈការប្រកួតក្រោយត្រូវជួបក្រុមខ្លាំង Bayern Munich ។ គួរបញ្ជាក់ផងដែរថា ក្រុមភ្ញៀវ Celtic បានរកគ្រាប់បាល់ បាន១គ្រាប់មុន តាមរយៈការស៊ុត របស់កីឡាករ Moussa Dembele តាំងពីបើកឆាកនាទីទី១ មកម្លេះ ដែលនេះ គឺជាគ្រាប់បាល់របស់គូប្រកួត ស៊ុតបញ្ចូលទីលឿនបំផុតលើក្រុម Paris Saint Germain ។
យ៉ាងណាវិញ ក្រុម បារាំងមួយនេះ បានវាយបកវិញ ភ្លាមៗ ព្រមទាំងបានស៊ុតមិនប្រណី រហូតដល់ទៅ ៧គ្រាប់លើក្រុម Celtic ។ ៧គ្រាប់របស់ក្រុម Paris Saint Germain រកបានដោយ ខ្សែប្រយុទ្ធប្រេស៊ីល Neymar ២គ្រាប់ នៅនាទីទី៩ និងនាទីទី២២, ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani ២គ្រាប់ នៅនាទីទី២៨ និងនាទីទី៧៩, ខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe ១គ្រាប់នៅនាទីទី ៣៥, ខ្សែបម្រើអ៊ីតាលី Marco Verratti ១គ្រាប់នៅនាទីទី៧៥ និងខ្សែការពារស្លាបប្រេស៊ីល Dani Alves ១គ្រាប់ នៅនាទីទី៨០។
ដូច្នេះហើយ ក្រុម Paris Saint Germain បន្តឈរកំពូលតារាងដដែល ដោយឆ្លងកាត់ ៥ប្រកួតកន្លងមក គឺឈ្នះទាំង៥ប្រកួត ខណៈប្រកួតក្រោយជាមួយក្រុម Bayern Munich លេងមិនបាច់ប្រឹងឡើយ ព្រោះថាចាញ់ ឬឈ្នះមិនសំខាន់ឡើយ សម្រាប់ក្រុម Paris Saint Germain ព្រោះថា ក្រុមមួយនេះ បាកកក់កៅអីវគ្គ ១៦ក្រុមតាំងពី ការប្រកួតទី៤ មកម្លេះ។
https://www.youtube.com/watch?v=fiUQAsza94Q
មតិយោបល់