ភ្នំពេញៈ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងបុរីភ្នំពេញថ្មី ទឹកថ្លា បានផ្ទុះការតវ៉ានិងក្រុមហ៊ុនសន្តិសុខដែលបិទបារ៉ាស់មិនឲ្យពួកគាត់ចេញចូលដោយសំអាងថាប្រជាពលរដ្ឋមិនព្រមបង់ថ្លៃសេវ៉ា។
ការផ្ទុះការតវ៉ានេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបុរីភ្នំពេញថ្មី ភូមិភ្នំពេញថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការបកស្រាយរបស់លោក ឆន សោភា ភេទប្រុស អាយុ៤៥ឆ្នាំដែលជាតំណាងក្រុមសន្តិសុខក្នុងបុរីបានឲ្យដឹងថា មូលហេតុដែលពួកគាត់មិនបម្រើសេវាឲ្យពួកគាត់នោះ ដោយសារតែប្រជាពលរដ្ឋមួយចំនួនតូចរស់នៅក្នុងបុរីមួយចំនួនមិនព្រមបង់ថ្លៃសេវាសន្តិចំនួន៥ខែមកហើយ ក្រោយពីក្រុមហ៊ុនដំឡើងថ្លៃ៥ដុល្លារបន្ថែមទៀតនោះ ទើបខាងសន្តិសុខមិនបម្រើសេវាបើកប៉ារ៉ាស់ឲ្យហើយតម្រូវឲ្យពួកគាត់ចុះបើកបារ៉ាស់ដោយខ្លួនឯង។
លោក ឈ្មោះ ភូ សម្បត្តិ ដែលជាតំណាងក្រុមហ៊ុនបានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងនោះមានចំនួន៨២ផ្ទះហើយគេបានបង់ថ្លៃសេវាក្នុងតម្លៃ៣០ដុល្លារក្នុង១ខែអស់ហើយ នៅសល់តែពលរដ្ឋជាម្ចាស់ផ្ទះប្រហែលជា១០គ្រួសារតែប៉ុណ្ណោះដែលមិនព្រមបង់ឲ្យ។ ហើយមូលហេតុដែលខាងសន្តិសុខបិទប៉ារ៉ាស់នេះគឺដោយសារតែម្ចាស់ផ្ទះមួយចំនួនតូចមិនព្រមឯកភាពនៅការតម្លើងថ្លៃ៥ដុល្លារបន្ថែមទៀតហើយពួកគាត់មិនបានបង់ថ្លៃសេវាចំនួន៥ខែមកហើយទើបខាងសន្តិសុខបិទបារ៉ាស់បែបនេះ។
តាមការបកស្រាយរបស់លោក ថេង ស៊ីធឿន អាយុ៥៥ឆ្នាំ តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា មូលហេតុដែលពួកគាត់ផ្ទុះការតវ៉ានៅពេលនេះគឺដោយសារតែខាងម្ចាស់បុរីចេះតែដំឡើងថ្លៃសេវាសន្តិសុខច្រើនពេក ហើយការបម្រើសេវាមិនបានល្អ ទើបពួកគាត់សំណូមពរសុំឲ្យដកក្រុមសន្តិសុខដែលយាមរាល់ថ្ងៃនោះចេញនិងសុខចិត្តរៀបចំដាក់សន្តិសុខថ្មីដោយខ្លួនឯង។
លោក ឈុន វ៉ាន់ឡេង តំណាងប្រជាពលរដ្ឋបានលើកឡើងថា មូលហេតុដែលពួកគាត់បានលើកឡើងថាពួកគាត់ក៏សូមឲ្យដកក្រុមសន្តិសុខដែលបម្រើសេវារាល់ថ្ងៃនោះចេញ ព្រោះថាការបម្រើសេវានៅក្នុងបុរីនេះគឺវាថ្លៃលើសបុរីផ្សេងៗ ហើយឡើងថ្លៃរហូតគឺមុនដំបូងបង់តែ២០ដុល្លារ ក្រោយមកទៀតឡើង២៥ដុល្លារហើយថ្មីៗនេះខាងក្រុមហ៊ុនទាមទារឡើង៥ដុល្លារទៀតសរុប៣០ដុល្លារក្នុង១ខែ ទើបពួកគាត់មិនយល់ព្រមហើយពួកគាត់សុំរៀបចំរកសន្តិសុខថ្មីមកដាក់វិញបើសិនជាប្រជាពលរដ្ឋរស់នៅក្នុងបុរីនោះមានការយល់ព្រមផ្តិតមេដៃលើសពី៥០ភាគរយ។
ក្រោយមកតំណាងប្រជាពលរដ្ឋនិងតំណាងក្រុមហ៊ុនបានធ្វើការសម្របសម្រួសគ្នាដោយខាងក្រុមហ៊ុនយល់ព្រមប្រគល់សេវាសន្តិសុខឲ្យទៅប្រជាពលរដ្ឋគ្រប់គ្រងវិញបើសិនជាពួកគាត់គាំទ្រផ្តិតមេដៃលើសពី៥០ភាគរយ៕
មតិយោបល់